ភ្នំពេញ៖ អ្នកទោសចំនួន ៧៣នាក់ និងពលករខ្មែរចំនួន ១៤៩នាក់ អាចអនុញ្ញាតឱ្យវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រសិនបើភាគីម៉ាឡេស៊ីបញ្ជាក់ថា ពួកគាត់ទាំង ២២២នាក់គ្មានផ្ទុក ឬព្យាបាលជាសះស្បើយជំងឺកូវីដ១៩។ នេះបើយោងតាមសម្ដីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ថ្លែងក្នុងសិន្និសទីសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ចំពោះអ្នកទោសចំនួន ៧៣នាក់ និងពលករខ្មែរចំនួន ១៤៩នាក់ នៅម៉ាឡេស៊ី បានស្នើរទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួចហើយ ប៉ុន្តែមុននឹងអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ ត្រូវឱ្យម៉ាឡេស៊ីបញ្ជាក់ជាមុនសិនថា ពួកគាត់គ្មានផ្ទុក ឬត្រូវព្យាបាលឱ្យជាសះស្បើយមុនសិន។
លោក ម៉ម ប៊ុនហេង បានលើកឡើងថា៖ “លក្ខណៈសំខាន់បំផុតគឺថា សុំខាងភាគីម៉ាឡេស៊ី ធ្វើតេស្តកូវីដ១៩ លើអ្នកទាំងនោះ។ បើមិនមានមេរោគកូវីដ១៩ទេ នឹងអាចឲ្យគាត់ត្រឡប់មកវិញ បើអ្នកមានមេរោគកូវីដ ត្រូវសម្រាកព្យាបាលឲ្យជា ដូចយើងព្យាបាលប្រជាជនម៉ាឡេស៊ីនៅក្នុងប្រទេសរបស់យើងដែរ”។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានបញ្ជាក់បន្ថែមទៀតថា នៅពេលមកកម្ពុជាវិញ អ្នកទោស និងអ្នកនេសាទខ្មែរទាំងនោះ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដើម្បីតាមដាន និងពិនិត្យសុខភាពជាមុនសិន រួមទាំងធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀតនៅតាមផ្ទះរៀងៗខ្លួន ប្រសិនបើគ្មានកូវីដ១៩ ទើបពួកគាត់អាចធ្វើដំណើរគ្រប់ទីកន្លែងបានជាធម្មតា៕ ដោយ៖ តារា