ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅអាស៊ាន លោក Igor Driesmans បានថ្លែងថា រហូតមកដល់ពេលនេះ សហគមន៍អឺរ៉ុប នៅតែមានការព្រួយបារម្ភអំពីសកម្មភាពនានា ជាឯកតាភាគី នៅក្នុង សមុទ្រខាងកើត។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា អឺរ៉ុបត្រូវតែអនុវត្តតាមច្បាប់ សម្រាប់សមុទ្រ និងមហាសមុទ្រ ដោយផ្អែកលើច្បាប់អន្ដរជាតិ សន្ដិសុខ និងសហប្រតិបត្ដិការផ្លូវទឹក ក៏ដូចជា សេរីភាព នៃនាវាចរណ៍ និងការហោះហើរ ក្នុងផលប្រយោជន៍គ្រប់បណ្ដារដ្ឋទាំងអស់។
ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងសកម្មភាពរបស់មហាអំណាច នៅលើដែនសមុទ្រនោះ លោកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា អឺរ៉ុបមានការព្រួយបារម្ភអំពីសកម្មភាពជាឯកតោភាគី កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងសមុទ្រខាងកើត។ សកម្មភាពបែបនេះ នឹងនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ហើយបាត់បង់បរិយាកាសសន្ដិសុខ នៅលើដែនសមុទ្រ ដោយ រួមទាំង ការដាក់ពង្រាយជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍នូវកម្លាំងយោធា ឬសម្ភារសឹកនានាលើដែន សមុទ្រ ដែលនាំឲ្យមានជម្លោះ ការរំខាន ឬការបំភិតបំភ័យដល់ការនេសាទ និងនាវាផ្សេងៗទៀត និងការព្យាយាមកំណត់ព្រំដែនរដ្ឋបាលថ្មី ជាឯកតោភាគី។
លោកឯកអគ្គរដ្ឋទូត បានបន្តថា សហភាពអឺរ៉ុបកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាងមុន ជាមួយអាស៊ាន ហើយនិងបន្តគាំទ្រដំណើរការដែលដឹកនាំដោយអាស៊ាន ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ និងអន្តរជាតិ ផ្អែកលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគី។
ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតអឺរ៉ុបបែបនេះ បានកើតឡើង ក្រោយពេលចិនបានធ្វើសមយុទ្ធយោធា នៅសមុទ្រខាងកើត ហើយស្របពេលនោះដែរ អាមេរិកក៏បាននាវាចរនូវនាវាចម្បាំងរបស់ខ្លួន នៅលើដែនសមុទ្រ ពុះខណ្ឌចែកព្រំដែន រវាងចិន និងកោះតៃវ៉ាន់។ មហាអំណាចទាំង២នេះតែងតែចោទប្រកាន់គ្នាទៅវិញទៅមក និងយកត្រូវរៀងៗខ្លួន៕ ប្រែសម្រួលដោយ Nuon