ក្លិប Inter-Milan ត្រូវបានរាយការណ៍មកថា កំពុងចង់នាំយកខ្សែប្រយុទ្ធជួរមុខរបស់ ក្លិប RB Leipzig គឺកីឡាករ Timo Werner នៅអំឡុងពេលទីផ្សារដោះដូរកីឡាករបើកទ្វារនាពេលខាងមុខ។
បច្ចុប្បន្ន ក្លិប Inter ស្ថិតក្រោមការដឹកនាំរបស់ លោក Antonio Conte ដែលត្រូវជាគ្រូបង្វឹក កំពុងត្រៀមដាក់សំណើទិញយកខ្សែប្រយុទ្ធថ្មី ដើម្បីមកពង្រឹងតំបន់សំខាន់ខាងលើបន្ថែម ក្រោយពីពួកគេជិតបាត់បង់ខ្សែប្រយុទ្ធមុតស្រួច Lautaro Martinez ទៅកាន់ក្លិប Barcelona ដែលចាប់អារម្មណ៍ចង់ចុះហត្ថលេខានៅរដូវក្តៅនេះ។ នេះបើយោងតាមកាសែតអ៊ីតាលី Gazzetta Dello Sport ដែលបានចុះជាភាសាអង់គ្លេស។
យ៉ាងណាមិញ Inter ក៏ត្រូវធ្វើការប្រជែងជាមួយក្លិបធំៗនៅតំបន់អឺរ៉ុបដូចជា Real Madrid, Barcelona និង Liverpool ផងដែរ ក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះ ខណៈពេលដែលរដូវកាលនេះរូបគេរកបាន ២១គ្រាប់ ពីការបង្ហាញខ្លួន ២៥ប្រកួត នៅក្របខណ្ឌ Bundesliga៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato