ក្រុមផ្តាច់ខ្លួន នៅភាគខាងត្បូងយេមែន បានប្រកាសស្វ័យភាព ដោយផ្តាច់ចេញពីកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិនោះ។ នេះបើតាមការផ្សាយរបស់ប្រភព BBC កាលពីថ្ងៃទី២៦ ខែមេសា ។
ក្រុមប្រឹក្សាដំណើរការផ្លាស់ប្តូរភាគខាងត្បូង ឬហៅកាត់ថា STC មានមូលដ្ឋាននៅទីក្រុង Aden នោះ បានប្រកាសដាក់រដ្ឋ ស្ថិតក្នុងគ្រាអាសន្ន ដោយលើកឡើងថា ខ្លួនអាចនឹងគ្រប់គ្រង់ នៅទីក្រុងកំពង់ផែមួយនេះ និងខេត្តមួយចំនួនទៀត ស្ថិតនៅភាគខាងត្បូង នៃប្រទេស យេមែន។
រដ្ឋាភិបាលយេមែនដែលគាំទ្រ ដោយអារ៉ាប៊ីសាអ៊ូឌីត បានព្រមានអំពីផលវិបាក, មហន្តរាយ និងគ្រោះថ្នាក់ ដែលអាចនឹងកើតឡើង ដោយសារតែការប្រកាសគ្រប់គ្រងស្វ័យភាពរបស់ក្រុមផ្តាច់ខ្លួននេះ។
លោក Mohammed Al-Hadhrami រដ្ឋមន្ត្រីក្រសួងការបរទេសយេមែន បានថ្លែងថា ការប្រកាសអំពីអ្វីដែលហៅថា ក្រុមប្រឹក្សាដំណើរការផ្លាស់ប្តូរ (STC) ក្នុងចេតនាបង្កើតរដ្ឋបាលនៅភាគខាងត្បូងនោះ គឺជាការបង្កឲ្យកើតឡើងវិញនូវកងកម្លាំងប្រដាប់អាវុធរបស់ខ្លូន… ព្រមទាំងការប្រកាសរបស់ពួកគេដកខ្លួន ចេញពីកិច្ចព្រមព្រៀង នៅទីក្រុង Riyadh ផងដែរ ។
ភាគីទាំងពីរបានចុះហត្ថលេខាចែករំលែកអំណាចគ្នាមួយ ដែលពិពណ៌នាដោយអង្គការសហប្រជាជាតិថា ជាជំហានដ៏សំខាន់ឆ្ពោះទៅរកបញ្ចប់សង្គ្រាមស៊ីវិល នោយេមែន ។
កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានធ្វើអន្តរាគមន៍យោធាគាំទ្រដល់រដ្ឋាភិបាលយេមែន កាលពីឆ្នាំ២០១៥ គឺក្រោយពីក្រុមឧទ្ទាម ហ៊ូធី ដណ្តើមគ្រប់គ្រងទីក្រុង សាណា (Sanaa) ។ អារ៉ាប់រួមដែលជាសមាជិកមួយរបស់កម្លាំងសម្ពន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតផងដែរនោះ បែរជាគាំទ្រក្រុមផ្តាច់ខ្លួនភាគខាងត្បូងវិញ។
កាលពីខែសីហា ឆ្នាំ២០១៩ ក្រុម STC បានដណ្តើមគ្រប់គ្រងជាបណ្តោះអាសន្ន នៅទីក្រុង Aden ពីរដ្ឋាភិបាល ក្រោយពីចោទប្រកាន់ថា រដ្ឋាភិបាលមានការដឹកនាំគ្រប់គ្រងមិនបានត្រឹមត្រូវ ។
អាជ្ញាធរមូលដ្ឋានភាគខាងត្បូង ក្នុងខេត្តចំនួន៦ ក្នុងចំណោមទាំងអស់ខេត្តចំនួន៨នោះ បានជំទាស់ការប្រកាសគ្រប់គ្រងស្វ័យភាពរបស់ក្រុមផ្តាច់ខ្លួន STC នៅពេលនេះ។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់អង្គការសហប្រជាជាតិ ជនស៊ីវិលយ៉ាងតិច ៧ ៥០០ នាក់បានស្លាប់ ភាគច្រើនដោយសារតែការវាយប្រហារតាមដែនអាកាសរបស់កម្លាំងសម្ពន្ធមិត្ត។ ក្រុមសង្កេតការបានប៉ាន់ប្រមាណថា សង្គ្រាមនៅយេមែន សម្លាប់មនុស្សប្រហែល ១១២ ០០០ នាក់ ក្នុងនោះ ១២ ៦០០ នាក់ជាជនស៊ីវិល ។
ការវាយប្រហារនេះ ក៏បានរារាំងដល់ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសដែលជួបវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោកមួយនេះផងដែរ ។
ប្រជាជន២៤លាននាក់ ប្រហែល៨០ភាគរយ នៃប្រជាជនសរុប ត្រូវការជំនួយមនុស្សធម៌ និងប្រហែល១០លាននាក់ទៀត ចាត់ទុកថា បានដើរមួយជំហានឆ្ងាយផុតពីភាពអត់ឃ្លាន ៕ ប្រែសម្រួលដោយ៖ thach yat