តារាពហុជំនាញ IU នឹងចេញស្នាដៃថ្មីជាផ្លូវការក្នុងពេលឆាប់នេះ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៅទៀតនោះ ក៏នឹងមានការច្រៀងរួមជាពិសេសរវាងនាងនិង Suga (ក្រុមBTS) ផងដែរ។ នេះជាដំណឹងមួយដែលជាកម្លាំងចិត្តអ្នកគាំទ្រ ដែលចង់ឃើញបែបនេះយូរហើយ។
ជាក់ស្ដែង IU បានប្រកាសដំណឹងល្អថា នាងនឹងត្រឡប់មកវិញឆាប់ៗជាមួយនឹងបទថ្មី ហើយនាងនឹងរួមការងារជាមួយនឹង Suga (ក្រុម BTS) ជាពិសេស។ ពាក់ព័ន្ធនឹងព័ត៌មាននេះ ខាងផលិតកម្ម EDAM របស់នាងបានបង្ហើបថា IU គ្រោងពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងស្នាដៃបទថ្មី។ អ្វីដែលពិសេសនោះគឺ ការវិលមកវិញលើកនេះ គឺជាការបង្ហាញបទចម្រៀងលើកដំបូង បន្ទាប់ពីអាល់ប៊ុមតូច “Love Poem” ដែលបានចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
«IU នឹងចេញបទទោលថ្មីមួយទៀតនៅថ្ងៃទី ០៦ ខែឧសភា ព្រមគ្នាជាមួយនឹងវីដេអូបទចម្រៀង» នេះជាអ្វីដែលផលិតកម្ម EDAM បញ្ជាក់។
ក្រៅពីនោះក៏មានការឲ្យដឹងដែរថា IU បានថតវីដេអូបទចម្រៀងរួចរាល់អស់ហើយដែរ។ ជាមួយគ្នានោះ IU ក៏នឹងរួមការងារជាមួយនឹង Suga ប៉ុន្តែមិនអាចបញ្ជាក់បានទេថាតើ Suga ត្រឹមតែបង្ហាញស្នាដៃផលិត ឬច្រៀងជាមួយដែរនោះ មិនទាន់មានការបង្ហាញនោះទេ៕
ប្រភព៖ Koreaboo