ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា រហូតមកទល់ពេលនេះ មានទាហានដល់ទៅ៨៧០នាក់ឆ្លងកូវីដ១៩។
សារព័ត៌មាន Sputnik បានផ្សាយថា បើតាមលទ្ធផលធ្វើតេស្តជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៦ ខែមេសា ទៅលើកម្លាំងទាហារុស្ស៊ី ដោយរកឃើញមានទាហានដល់ទៅ៨៧៤នាក់ឆ្លងកូវីដ១៩។ ជាមួយគ្នានេះ ទាហាន៣១៤នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យយោធា និង១៧៥នាក់កំពុងព្យាបាល នៅទីតាំងទាហានឈរជើង។ ក្រៅពីនេះ នៅមានទាហាន ៣៧៩នាក់ បានផ្តាច់ខ្លួនព្យាបាល នៅតាមផ្ទះ។
កាលពីសប្តាហ៍កន្លងមក រុស្ស៊ីបានដាក់ឲ្យនៅដាច់ដោយឡែកទាហានដែលចូលរួមហ្វឹកហាត់ នៅទីក្រុងមូស្គូ រហូតដល់១៥ពាន់នាក់ ដើម្បីត្រៀមព្យុហយាត្រា តែត្រូវបានលុបចោលវិញ ដោយសារតែការឆ្លងរាលដាលកូវីដ១៩ កើនឡើង នៅក្នុងប្រទេសនេះ។
តាមគេហទំព័រ worldometers.info គិតដល់ព្រឹកថ្ងៃទី២៧ ខែមេសា នៅទូទាំងប្រទេសរុស្ស៊ី មានពលរដ្ឋជាង ៨០ពាន់នាក់ឆ្លងកូវីដ១៩ ក្នុងនោះមាន៧៤៧នាក់ស្លាប់។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញ មាន៦៧៦៧នាក់៕ ប្រែសម្រួលដោយ៖ MEO