រញ្ជួយដីទំហំ ៥,២ រ៉ិចទ័របានកើតឡើង នៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន កាលពីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងខេត្ត Davao Occidental ។
វិទ្យាស្ថានគ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើងហ្វីលីពីន (Phivolcs) បានអះអាងថា គ្រោះរញ្ជួយដីនេះបានកើតឡើង នៅវេលាម៉ោង៧ និង៤៨នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ។ ការរញ្ជួយដីនេះមានជម្រៅប្រហែល៦៤គីឡូម៉ែត្រ និងនៅចម្ងាយប្រហែល១៦៤គីឡូម៉ែត្រ នាភាគអាគ្នេយ៍ នៃទីក្រុង Jose Abad Santos ខេត្ត Davao Occidental ។
ប្រភពបន្តថា ការកក្រើកញាប់ញ័រដោយសារគ្រោះរញ្ជួយដីនេះបានទៅដល់ខេត្ត Sarangani ដែលស្ថិតនៅភាគខាងត្បូង នៃហ្វីលីពីននោះផងដែរ ។ គ្រោះរញ្ជួយដីនេះមិនបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរនោះទេ ។
គួរបញ្ជាក់ថា ហ្វីលីពីនតែងតែកើតមានគ្រោះរញ្ជួយដីជាញឹកញាប់ ដោយសារតែភូមិសាស្ត្រ នៃប្រទេសនេះស្ថិតនៅត្រង់ចំណុចរង្វង់ នៃចិញ្ចៀនភ្នំភ្លើង ដែលនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិកនោះ ៕ ប្រែសម្រួលដោយ៖ thach yat