សារគេហទំព័រ Worldometers.info បានផ្សាយថា មកដល់ថ្ងៃទី ២៧ ខែមេសានេះ អាមេរិក មានអ្នកឆ្លងសរុបកើនឡើងដល់ទៅជាង ៩៨៧ពាន់នាក់ និងស្លាប់កើនឡើងជាង៥៥ពាន់នាក់ ហើយ។ ចំណែកពលរដ្ឋដែលបានធ្វើតេស្ត រកកូវីដ១៩ នៅទូទាំងអាមេរិក មានតែជាង៥លាន ៤សែននាក់ប៉ុណ្ណោះ ។ រដ្ឋាភិបាលអាមេរិក នឹងខិតខំធ្វើតេស្តទៅលើពលរដ្ឋឲ្យបានច្រើន ទើបអាចទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងល្អ។
បើទោះជាមានចំនួនអ្នកឆ្លងកើនឡើងក្ដី ប៉ុន្តែពលរដ្ឋអាមេរិក នៅក្នុងរដ្ឋមួយចំនួន ក្នុងនោះមានកាលីហ្វ័រញ៉ា ឈានចូលរដូវក្តៅ ពលរដ្ឋបាននាំគ្នាទៅឆ្នេរសមុទ្រ មិនខ្វល់ពីការឆ្លងកូវីដ១៩នោះឡើយ។ ក្រៅពីនេះ ក៏មានរដ្ឋជាច្រើនទៀត បាន អនុញ្ញាតឲ្យដំណើរការសេដ្ឋកិច្ច ក្នុងនោះមានរដ្ឋ Georgia និង Oklahoma ជាដើម។
លោក Andrew Coumo អភិបាលរដ្ឋញូវយ៉ក បានព្រមានថា ការបើកទ្វារ ដំណើរការសេដ្ឋកិច្ ចនាពេលនេះពិតជារឿងដ៏គ្រោះថ្នាក់ អាចនឹងធ្វើឲ្យចំនួនអ្នកឆ្លង និងស្លាប់បន្តកើនឡើង។ ចំណែកការដាក់ប្រទេសក្នុងគ្រាអាសន្ន ក៏ត្រូវតែអូសបន្លាយផងដែរ។
តាមគេហទំព័រ Worldometers.info បច្ចុប្បន្ននៅលើពិភពលោក មានចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ជាងល២,៩៩លាននាក់ហើយ និងមានអ្នកស្លាប់កើនឡើង ២០៦ពាន់នាក់។ ចំណែកអ្នកជាសះស្បើយវិញមាន៨៧៨ពាន់នាក់៕ ប្រែសម្រួលដោយ៖MEO