ទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Chung-in ទទួលបន្ទុកកិច្ចការបរទេស របស់ ប្រធានាធិបតី បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានសុខភាពល្អធម្មតា។
សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Moon Chung in បញ្ជាក់ថា «លោក គីម ជុងអ៊ុន នៅមានជីវិត ហើយមានសុខភាពល្អ គាត់បានស្នាក់នៅតំបន់ Wonsan តាំងពីថ្ងៃទី១៣ ខែមេសា។ រហូតមកទល់ពេលនេះ មិនមានអ្វីខុសប្រក្រតីឡើយ»។
កាលពីថ្ងៃទី២៦ ខែមេសា នៅក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្ស៊ី លោក Sin Hong-chol តំណាងរាស្ត្ររុស្ស៊ី លោក Kazbek Taysaev បានលើកឡើងថា ព័ត៌មានពាក់ព័ន្ធមេដឹកនាំកូរ៉េខាងជើងគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះ។
ចំណែកលោក Konstantin Asmolov អ្នកឯកទេសស្រាវជ្រាវ ស្តីពីកូរ៉េខាងជើង បានបញ្ជាក់ថា ព័ត៌មានស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង មិនមានប្រភពច្បាស់លាស់នោះឡើយ គ្រាន់តែជាពាក្យចរចាមអារ៉ាមតែប៉ុណ្ណោះ។
ថ្មីៗនេះមានព័ត៌មានផ្សាយថា គីម ជុងអ៊ុន កំពុងតែសម្រាកលម្ហែកាយ នៅ Wonsan។ ថ្មីៗនេះផ្កាយរណប សម្រាប់តាមដានសកម្មភាពកូរ៉េខាងជើងរបស់អាមរិក បានមើលឃើញរថភ្លើងពាសដែក សម្រាប់ដឹកតែមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចតនៅស្ថានីយ Wonsan ដែលជាតំបន់សម្រាប់លម្ហែកាយ។ រថភ្លើងចតនៅទីតាំងនោះ តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមេសា ហើយស្ថានីយរថភ្លើងនោះ សម្រាប់តែគ្រូសារ គីម ជុងអ៊ុន តែប៉ុណ្ណោះ។
សារព័ត៌មាន The Guardian បានដកស្រង់ប្រភពព័ត៌មានពី 38 north មានឯកទេសតាមដានសកម្មភាពនៅកូរ៉េខាងជើងរបស់អាមេរិក បានផ្សាយថា រថភ្លើងខាងលើជារបស់ គីម ជុងអ៊ុន ប៉ុន្តែសារព័ត៌មានរ៉យទ័រ បានផ្សយថា មិនដឹងថារថភ្លើងនោះ បានដឹក គីម ជុងអ៊ុន ទៅសម្រាកលម្ហែកាយ នៅទីក្រុង Wonsan ដែរឬទេ។ សារព័ត៌មាន 38 North បានផ្សាយទៀតថា «បើទោះជាឃើញរថភ្លើងនៅទីនោះក្តី តែយើងមិនដឹងថាមាន មេដឹកនាំគីម ជុងអ៊ុន នៅទីនោះដែរឬយ៉ាងណានោះទេ ហើយក៏មិនដឹងពីសុខភាពរបស់លោក ជួបបញ្ហាឬក៏អត់នោះដែរ៕ ប្រែសម្រួលដោយ៖ MEO