កិច្ចខិតខំប្រឹងប្រែងផ្តល់សេវាអប់រំតាមគេហដ្ឋាន ជាការរួមចំណែកធ្វើឲ្យការអប់រំតាមបែបឌីជីថលឆាប់ជោគជ័យ
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ ដែលបានចុះបំពេញបេសកកម្មតាមខ្នងផ្ទះ ទៅដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយ និងបង្វឹកសិស្សានុសិស្ស ក្នុងការរៀនតាមកម្មវិធី “ការសិក្សាពីចម្ងាយ” ។ នេះបើតាមហ្វេសប៊ុកក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។
ការសិក្សាពីចម្ងាយនេះទៀតសោធ មានកាលវិភាគនៃការបង្រៀនតាមកញ្ចក់ទូរទស្សន៍ ក្រោមកិច្ចសហការដ៏ថ្លៃថ្លាបំផុតនៃក្រសួងព័ត៌មាន ស្ថានីយ័ទូរទស្សន៍ជាតិកម្ពុជា ស្ថានីយ៍ទូរទស្សន៍ផ្កាយរណបតេជោ DTV និងទូរទស្សន៍ខ្សែកាបគ្រប់រាជធានី-ខេត្ត។
លោករដ្ឋមន្ត្រីក្រសួងអប់រំថ្លែងថា គុណបំណាច់ដ៏ឧត្តុង្គឧត្តមនេះ ជាការរួមចំណែកយ៉ាងធំធេង ក្នុងការពន្លឿនរបៀបវារៈនៃការអប់រំតាមបែបឌីជីថល អោយកាន់តែទទួលបានជោគជ័យ។
សូមរម្លឹកថា លោក រដ្ឋមន្ត្រីក្រសួងអប់រំបានចេញសេចក្តីណែនាំស្តីពី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសិស្សានុសិស្សកម្រិតមត្តេយ្យ ដល់មធ្យមសិក្សា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។ ក្នុងសេចក្តីណែនាំនោះក៏បានបង្ហាញអាសយដ្ឋាន គេហទំព័រ ទំព័រហ្វេសប៊ុក និងទូរទស្សន៍ សម្រាប់បម្រើឲ្យការបង្រៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។
TNAOT APP សូមបង្ហាញជូនម្តងទៀត ពីអាសយដ្ឋានទាំងនោះដូចតទៅ៖
– ទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់បម្រើដល់ការផ្សព្វផ្សាយស្តីពីការអប់រំ
– ទូរទស្សន៍ផ្កាយរណតេជោឌីធីវី ប៉ុស្តិ៍លេខ២២
– ទូរទស្សន៍ខ្សែកាបទូរទាំង២៥ រាជធានីខេត្ត ដែលមានប៉ុស្តិ៍ថ្មី ផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជាទី២ (ទទក២)
– ទូរទស្សន៍អប្សរា
– ទូរទស្សន៍ wiki TV
– ទូរទស្សន៍ one TV
– បណ្តាញ YouTube ផ្លូវការរបស់ក្រសួង គឺ www.youtube.com/moeys
– ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង គឺ www.facebook.com/moeys.gov.kh
– ទំព័រហ្វេសប៊ុកផ្លូវការរបស់ ការអប់រំកុមាតូចគឺ ECCD Cambodia
– ទំព័រហ្វេសប៊ុកគ្រូ ផ្លូវការរបស់ក្រសួង គឺ www.krou.moeys.gov.kh
– ទំព័រហ្វេសប៊ុកកុមាររៀន កុមារចេះ www.facebook.com/123komar
– App របស់ក្រសួងព័ត៌មាន និង App របស់ E-School Cambodia តាមផ្នែក EG1 សម្រាប់ថ្នាក់ទី១ EG2 សម្រាប់ថ្នាក់ទី២ រហូតដល់ EG១២ សម្រាប់ថ្នាក់ទី១២៕ ដោយ ប៊ុនធឿន