ស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ លើពិភពលោក កំពុងជះឥទ្ធិពលអវិជ្ជមានដល់ពលរដ្ឋរាប់សិបលាននាក់ជុំវិញពិភពលោក ក្នុងពលរដ្ឋខ្មែរមួយចំនួន ក៏រងផលប៉ះពាល់ដូចគ្នា ពិសេសពលរដ្ឋដែលមានរបរស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅពេលធ្លាក់ចុះនូវប្រាក់ចំណូលប្រចាំថ្ងៃ នាំឲ្យមានផលប៉ះពាល់ខ្លាំង រាប់បញ្ចូលទាំងបងប្អូន មានរបបលក់បាយសម្ល គ្រឿងទេស រួមទាំងសេវាដឹកជញ្ជូនឯកជន ដូចជាអ្នករត់ម៉ូតូកង់បី បើកតាក់ស៊ីជាដើម។
ការស្វែងរកដំណោះស្រាយ ដើម្បីបង្កើនប្រាក់ចំណូល ឱ្យកើនឡើងដូចគ្រាមុន អាចជារឿងលំបាកសម្រាប់ក្រុមពលរដ្ឋប្រកបអាជីពទាំងនេះ ព្រោះការរាតត្បាតជំងឺកូវីដ ១៩ ដែលអូសបន្លាយជាច្រើនខែ អាចនាំឱ្យពលរដ្ឋខ្មែរមិនហ៊ានចេញពីផ្ទះ ការទិញលក់ទំនិញប្រចាំថ្ងៃ អាជីវកម្មខ្នាតតូច និងមធ្យម សុទ្ធតែបាត់បង់អតិថិជនជាបន្តបន្ទាប់។
សម្រាប់ពេលនេះ ពលរដ្ឋប្រកបរមុខរបរលក់បាយសម្ល កាន់តែមានអារម្មណ៍អស់សង្ឃឹម ជាមួយផលវិបាកកំពុងកើតមានលើមុខរបររបស់ខ្លួន ខណៈទំនិញបានដាក់លក់នៅហ្នឹងកន្លែង មិនត្រូវបានទទួលការកម្មង់ ទិញពីអតិថិជន ជាហេតុម្ចាស់ហាងអាជីវកម្មខ្លះ សម្រេចចិត្តបិទទ្វារ ស្របពេលខ្លះទៀតនៅតែព្យាយាមស្វះស្វែងរកហិរញ្ញវត្ថុជំនួយ ដើម្បីផ្គត់ផ្គង់ដល់ដំណើរការមុខរបរខ្លួន ព្រោះស្តាយញើសឈាមដែលចំណាយពេលជាច្រើនឆ្នាំ កសាងឡើងដោយលំបាក មិនសមនឹងបាត់បង់មួយប៉ប្រិចភ្នែកបែបនេះ។
មុនពេលស្ថានភាពជំងឺកូវីដ ១៩ ផ្ទុះឡើងខ្លាំង អ្នកស្រី ប៉ាត វត្តី អាយុ ៣៧ឆ្នាំ រស់នៅសង្កាត់បឹងកេងកង៣ ប្រាប់ឲ្យដឹងថា គាត់លក់បាយសម្លនៅខាងសារៈមន្ទីរទួលស្លែង សម្រាប់ភ្ញៀវបរទេសនិងខ្មែរ។ ជាធម្មតាចំណូល១ថ្ងៃ អ្នកស្រីអាចទទួលបានចន្លោះ ៤០-៦០ ម៉ឺន ប៉ុន្តែមានកូវីដ ចំណូលអ្នកស្រីបានធ្លាក់ចុះមកនៅត្រឹមតែ ១០ ម៉ឺនរៀលប៉ុណ្ណោះ។
អ្នកស្រីវត្តី បានបញ្ជាក់ថា៖« ពីមុនអ្នកស្រីលក់បាយ៣វេន គឺពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ប៉ុន្តែឥឡូវគឺលក់តែពីរវេនទេ គឺពេលព្រឹកនិងពេលរសៀលតែប៉ុណ្ណោះ ដោយឡែកពេលល្ងាច គឺត្រូវបិទហាងអត់លក់ ដោយសារតែអត់មានមនុស្សចូលមកញុំា។
ស្រដៀងគ្នាផងដែរ អ្នកស្រីហ៊ិន លក្ខិណា អាយុ៣៥ឆ្នាំ ប្រកបមុខរបរលក់គ្រឿងទេសចាបហ៊ួយតិចតួច នៅខាងមុខទីស្នាក់ការអភិរក្សស៊ីក្លូ ក៏បានលើកឡើងដែរថា អ្នកស្រីបានបង្ខំចិត្តយកប្រាក់ខែរបស់កូន និងប្រាក់ខែប្តីគាត់ ដើម្បីមកផ្គត់ផ្គង់ថ្លៃម្ហូបអាហារ និងការចំណាយនៅក្នុងផ្ទះ។
អ្នកស្រីប្រាប់ឱ្យដឹងថា៖«កាលមុនខ្ញុំរកចំណូលបានពី៥០ទៅ១០០ដុល្លារ ប៉ុន្តែឥឡូវលក់មិនបានលុយទេ ១ថ្ងៃបានតែ៤ម៉ឺនរៀល ដោយសារតែអ្នកធាក់ស៊ីក្លូ និងកម្មករស៊ីឈ្នូលលើកឥវ៉ាន់ឱ្យគេ រកចំណូលមិនបានដូចគ្នា ហើយសូម្បីតែមី១កញ្ចប់ ក៏ពួកគេទិញជំពាក់លុយដែរ»។
ក្រឡេកមកមើលអ្នករត់តុកតុកនិងម៉ូតូកង់បីវិញ ក៏បានកើតមាននូវបញ្ហានេះដូចគ្នាដែរ ពួកគេត្រូវរត់ទៅខ្ចីលុយពីបងប្អូនសាច់ញាត់ ដើម្បីយកមកទប់ទល់ថ្លៃចំណាយនៅក្នុងផ្ទះជាប្រចាំ និងត្រូវបង្វិលសងធនាគារជារៀងរាល់ខែផងដែរ។
បើតាមអ្នកបើកបរតុកតុកម្នាក់ឈ្មោះ វណ្ណា សារ៉ាត់ អាយុ៣៣ឆ្នាំ រស់នៅទីក្រុងភ្នំពេញបានត្រៀមលក់វត្ថុដែលមានតម្លៃដើម្បីសងធនាគារ ខណៈដែលគាត់អាចរកបានចំណូលបាន ត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ។
បុរសវ័យក្មេងរត់តុកតុករូបនេះ បានប្រាប់ថា៖« ពេលមុនកូវីដមកដល់ក្នុង១ថ្ងៃបាន៥ទៅ៦ម៉ឺនដល់ជំងឹកូវីដរាគត្បាតចឹងទៅ គេចេះតែខ្លាចទៅរកចំណូលមិនសូវបានទេ បាន១ថ្ងៃបានតែ២ទៅ៣ម៉ឺន។ អាចដោះស្រាយបានត្រឹមតែផ្គត់ផ្គត់ការចំណាយក្នុងគ្រួសារ»។
អ្នករត់តុកតុកដដែលនេះបានបន្តថា ប្រសិនបើទ្រព្យលក់ហើយនោះ មិនអាចបង្គ្រប់សងថ្លៃធនាគារបាន គាត់ស្ម័គ្រចិត្តឱ្យខាងធនាគាររឹបអូសយក Pass App វិញ ប្រសិនបើក្នុងករណី មិនមានការសម្របសម្រួលឬដំណោះស្រាយណាមួយពីខាងធនាគារ។
ជាមួយគ្នានេះ សម្រាប់បុរសវ័យកណ្តាលម្នាក់ទៀត យ៉ៅ សំអ៊ុល អាយុ៤៩ឆ្នាំ ប្រកបមុខរបររត់ម៉ូតូកង់បី បានប្រាប់ឱ្យដឹងថា៖«ឥឡូវនេះមួយថ្ងៃអស់ហើយ៣ម៉ឺនទៅ៤ម៉ឺនរៀល ពីមុនទៅ៨ទៅ១០ម៉ឺន ខុសគ្នាពាក់កណ្តាល ខ្ញុំពិបាកណាស់ដោយសារតែត្រូវចំណាយឱ្យថ្លៃកូនរៀន និងទឹកភ្លើងគឺអស់ច្រើនជាងមុន។
លោកបញ្ជាក់ថា លោកជំពាក់ធនាគារចំនួន៥ពាន់ដុល្លារ សម្រាប់យកប្រើប្រាស់ផ្គត់ផ្គង់កូនរៀន និងជួសជុលផ្ទះ។ លោកមានការព្រួយបារម្ភ ដូច្នេះលោកម្រេចចិត្តទៅខ្ចីលុយបងប្អូន ដើម្បីបង្វិលសងធនាគារ។
ជាវិធានការក្នុងរឿងនេះ ក្រុមអ្នកជំនាញដែលពាក់ព័ន្ធ ក៏បានលើកឡើងពីដំណោះស្រាយមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយ នូវផលលំបាករបស់ក្រុមអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
បើតាមអ្នកអង្កេតពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា លោកយ៉ន សុភារិទ្ធិ ស្ថាបនិក Bizkhmer Media បានឱ្យដឹងថា លោកមិនហ៊ានសន្មត់ថា ស្ថានភាពនៃការត្រៀមលក់របស់ទ្រព្យសម្បត្តិ និងការរត់ទៅខ្ចីបងប្អូនវាបានកើតឡើង ទៅលើអ្នកប្រកបមុខរបរក្រៅប្រព័ន្ធដូចគ្នាទាំងអស់ ឬយ៉ាងណានោះទេ ប៉ុន្តែលោកគិតថានេះគឺជាជម្រើសដែលកើតឡើងខុសៗគ្នា។
លោកបញ្ជាក់ថា៖«ខ្ញុំគិតថាវាជាជំរើសរបស់គាត់ បើគាត់អត់មានជម្រើស ព្រោះខ្ញុំមិនហ៊ាននិយាយពីលក្ខខណ្ឌរបស់គាត់ ព្រោះអ្នកប្រកបអាជីវកម្មប្រឈមនិងបញ្ហាផ្សេងៗ គឺវាអត់ដូចគ្នាទេ ដូច្នេះខ្ញុំមិនដឹងថា លក្ខខណ្ឌនេះ វាយ៉ាងដូចម្តេច បើគាត់ជ្រើសរើសយកអាហ្នឹងគឺជារឿងរបស់គាត់»។
ដោយឡែក លោកហ៊ាង វិទ្យា ប្រធានសមាគមកអាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាពបានត្រៀមជួយដល់ក្រុមអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការសម្របសម្រួលទៅកាន់អ្នកពាក់ព័ន្ធក្នុងរឿងនេះ។
លោកប្រធានសមាគមបានធ្វើការអំពាវនាវថា៖« ខ្ញុំសូមអំពាវនាវដល់វិស័យធនាគារ ក្រុមហ៊ុន ឬបងៗដែលមានផ្ទះជួលមេត្តាយោគយល់ចំពោះបងប្អូនយើងផង ព្រោះនៅស្រុកខ្មែរយើងជួបវិបត្តិធំធេងណាស់ មិនមែនតែបងប្អូនដែលរកស៊ីប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ គឺចំពោះធនាគារ គឺមានការស្នើសុំឱ្យធនាគារពេលនេះ សូមឱ្យគាត់ទទួលយកតែប្រាក់ដើម ហើយសូមកុំយកការប្រាក់អី»។
ការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ច គឺត្រូវបានកើតឡើងនៅទូទាំងពិភពលោក។ បើតាមការព្យាករណ៍របស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF កាលពីដើមខែមេសា ឆ្នាំ២០២០បានឱ្យដឹងថា កម្ពុជានៅក្នុងចំណោមប្រទេស៤ដែលមានសេដ្ឋកិច្ចអវិជ្ជមាន គឺកំណើនសេដ្ឋកិច្ចត្រូវបានថយមកនៅដក១.៥ ក្នុងឆ្នាំ២០២០។ យោងតាមតួលេខនេះបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា មិនត្រឹមតែមិនទទួលបានកំណើនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានថយចុះទៅវិញនៅឆ្នាំនេះ។ ការធ្លាក់ចុះនេះ គឺវាអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់វិស័យធំៗ នៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើយោងតាមអ្នកអង្កេតពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា លោកយ៉ន សុភារិទ្ធិ ស្ថាបនិក Bizkhmer Media៕ ដោយ៖ ឃួន លក្ខិណា