ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យប្រុស ស្រីចំនួន ១២នាក់ពាក់ព័ន្ធនឹងករណី ៤ផ្សេងគ្នាទៅកាន់តុលាការ។ ការបញ្ជូនខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។
ជនសង្ស័យទាំង ១២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីផ្សេងៗគ្នានោះមានដូចជា៖
ករណីទី១ រក្សាទុកនូវសារធាតុញៀនខុសច្បាប់
ករណីទី២ គាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូ
ករណីទី៣ ទទួលផលចោរកម្ម
ករណីទី៤ លួចកុំព្យូទ័រ
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យប្រុស ស្រីទាំង ១២នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។ ជនសង្ស័យទាំង ១២នាក់ខាងលើនេះបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។
បើតាមលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឱ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឱ្យបានទាន់ពេលវេលា៕ ដោយ៖ ផេង សុភាព