រហូតមកដល់ពេលនេះ អាមេរិក នៅតែបន្ដថ្កោលទោសទៅលើសកម្មភាពនានារបស់ចិន នៅក្នុងសមុទ្រខាងកើត ទើបអាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះ ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាការបង្ហាញថា អាមេរិកនៅតែបន្ដការពារកោះតៃវ៉ា់ន់ ខណ:ចិនធ្វើសមយុទ្ធយោធា នៅលើដែនសមុទ្រ។
លោក Mike Pompeo រដ្ឋមន្រ្ដីការបរទេសអាមេរិក បានរិះគន់ដល់សកម្មភាពថ្មីៗរបស់ចិន នៅលើដែនសមុទ្រខាងកើត រួមទាំងការប្រកាសបង្កើតស្រុករបស់ចិននៅលើប្រជុំកោះ គឺស្រុក Xisha និង ស្រុក Nansha ផងដែរ។
ដោយឡែកភាគីចិនវិញ ក៏បានថ្កោលទោសអាមេរិក ជុំវិញការធ្វើនាវាចរណ៍របស់នាវាចម្បាំងអាមេរិក នៅច្រកសមុទ្រតៃវ៉ាន់ ដោយចាត់ទុកថា នេះជាសកម្មភាពបង្កេហេតុរបស់អាមេរិក។
នៅក្នុងកិច្ចប្រជុំតាមវីដេអូខន់ហ្វ័ររ៉ែន កាលពីដើមសប្ដាហ៍ រវាងរដ្ឋមន្រ្ដីការបរទេស នៃបណ្ដាប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ហៅកាត់អាស៊ាន និងអាមេរិកនោះ លោក Pompeo បានសង្កត់ធ្ងន់ថា អាមេរិកប្រឆាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពគំរាមកំហែងរបស់ប្រទេសចិន ប្រឆាំងនឹងប្រទេសជិតខាង នាពេលកន្លងមក។
ជាមួយគ្នានេះដែរ លោក Hishammuddin Hussein រដ្ឋមន្រ្ដីក្រសួងការបរទេសម៉ាឡេស៊ី ក៏បានថ្លែងថា បញ្ហានេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការរួមគ្នា ដើម្បីរក្សានូវសន្ដិភាព សន្ដិសុខ និងស្ថិរភាព នៅក្នុងសមុទ្រខាងកើត។ ភាគីទាំងអស់ត្រូវតែខិតខំប្រឹងប្រែងបង្កើត រក្សា និងធ្វើឲ្យប្រសើរឡើងនូវទំនុកចិត្ដទៅវិញទៅមក។
លោករដ្ឋមន្រ្ដីការបរទេសម៉ាឡេស៊ី បានបន្ដថា សមុទ្រខាងកើតគួរតែរក្សា ជាសមុទ្រសន្ដិភាព និងពាណិជ្ជកម្ម។ ដូច្នេះបញ្ហាទាំងឡាយ ពាក់ព័ន្ធនឹងសមុទ្រខាងកើត ត្រូវតែដោះស្រាយដោយសន្ដិវិធី ផ្អែកលើគោលការណ៍នានា នៃច្បាប់អន្ដរជាតិ ដោយរួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) នាឆ្នាំ១៩៨២ផងដែរ៕ប្រែសម្រួលដោយ Nuon