អ្នកជំនាញសុខាភិបាល និងស៊ីវិល បារម្ភកាន់តែខ្លាំង បើពលរដ្ឋមើលស្រាលស្ថានការណ៍កូវីដ ១៩
ភ្នំពេញ៖ បើទោះជាស្ថានភាពឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជា កំពុងបង្ហាញភាពធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃក្តី ប៉ុន្តែក្រុមអ្នកជំនាញ ពិសេសរាជរដ្ឋាភិបាលនៅតែបង្ហាញក្តីបារម្ភកាន់តែខ្លាំង ពីករណីអាចនឹងផ្ទុះឡើងជាថ្មី ឬខ្លាំងជាមុន ពីការរាតត្បាតវីរុសកំណាចនេះក្នុងសហគមន៍ពលរដ្ឋខ្មែរ។
គិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍ ជំងឺកូវីដ១៩ នៅកម្ពុជា បើមើលទៅលើស្ថានភាពជាក់ស្តែង ហាក់មានការធូរស្រាលខ្លាំងមែនទែន ដោយ១៣ថ្ងៃចុងក្រោយ ក្រសួងសុខាភិបាល មិនបានរកឃើញមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនេះឡើយ ខណៈអត្រាជាសះស្បើយពីជំងឺ កំពុងកើនឡើងជាបន្តបន្ទាប់។
គិតមិនទល់នឹងពេលនេះ ករណីឆ្លងជំងឺកូវីដ ១៩ សរុបនៅកម្ពុជា ត្រូវគេរកឃើញមានសរុប ១២២ករណី ក្នុងនោះ ១១៧ករណីបានជាសះស្បើយ ៥ករណីផ្សេងទៀត កំពុងតែមានស្ថានភាពសុខភាពធូរស្រាលជាបន្តបន្ទាប់ ខណៈតាមការអះអាងពីក្រុមគ្រូពេទ្យជួយមុខ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ការធ្វើតេស្តលើពលរដ្ឋសង្ស័យមានផ្ទុកកូវីដ ១៩ នៅតែបន្តធ្វើឡើង ដោយផ្តោតសំខាន់ពេលនេះ លើបងប្អូនកម្មករ-កម្មការិនី ដែលឈប់សម្រាកទៅចូលរួមពិធីបុណ្យចូលឆ្នាំនាស្រុកកំណើតកន្លងមក ដោយចំនួនធ្វើតេស្តសរុបទូទាំងប្រទេសគឺច្រើនជាង ១ម៉ឺនករណីទៅហើយ។
ទោះជាស្ថានភាពធូរស្រាលខ្លាំងក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែអំពាវនាវទៅកាន់ប្រជាពលរដ្ឋទួទាំងប្រទស ម្តងហើយម្តងទៀត ឲ្យបង្កើនការប្រុងប្រយ័ត្នទ្វេដង កុំមើលងាយស្ថានការណ៍ គិតថាកម្ពុជាមិនអីឲ្យសោះ។
ក្តីបារម្ភរបស់រដ្ឋាភិបាល ក៏ដូចជាអ្នកជំនាញ ហាក់កើនឡើងខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារមើលឃើញច្បាស់នៅសកម្មភាពពលរដ្ឋតាមបណ្តាទីក្រុង ខេត្ត ទីប្រជុំជន ហាក់ប្រែពីភាពស្ងប់ស្ងាត់ ទៅជាមមាញឹកឡើងវិញ ដូចទិដ្ឋភាពមុនមានការផ្ទុះវីរុសកូវីដ ១៩ អ៊ីចឹងដែរ។
កន្លែងមួយចំនួនដែលត្រូវអ្នកជំនាញចាត់ទុកអាចនាំឲ្យមានអត្រាចម្លងខ្ពស់ដូចជា សេវាដឹកជញ្ជូនអ្នកដំណើរ ហាងបាយ បាយគុយទាវ បែរជាប្រែមករកទិដ្ឋភាពកកកុញ ខណៈចរាចរណ៍តាមដងផ្លូវក្នុងរាជធានីភ្នំពេញ ក៏មមាញឹក កកស្ទះ ឡើងវិញដូចគ្នា។
ក្រោមទិដ្ឋភាពនេះ ក្រុមអ្នកជំនាញជាច្រើន ក៏កំពុងបង្ហាញពីក្តីបារម្ភស្រដៀងគ្នា ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា បើទោះជាស្ងប់ស្ងាត់ក្តី ដោយអះអាង ស្ថានភាពកាន់តែស្ងប់ស្ងាត់ ហានិភ័យនឹងកាន់តែខ្ពស់ ព្រោះនៅពេលដែលពលរដ្ឋលែងប្រុងប្រយ័ត្នពីការឆ្លងរាលដាល មិនសូវការពារខ្លួន វានឹងផ្តល់ឱកាសអាចនាំឲ្យជំងឺកូរ៉ូណាកំណាចដែលសម្លាប់មនុស្សរាប់សែននាក់ជុំវិញពិភពលោក ផ្ទុះឡើងក្នុងសហគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅបាន និងជាកត្តាហានិភ័យខ្ពស់បំផុតមួយ អាចទាញកម្ពុជាធ្លាក់ចូលទៅក្នុងបទពិសោធន៍ដ៏ឈឺចាប់ដែលធ្លាប់កើតលើបណ្តាប្រជាជាតិនៅអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកជាដើមនោះ។
“បើពលរដ្ឋមិនស្តាប់តាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលទេនោះ វានឹងក្លាយជាកត្តានាំឲ្យឆ្លងជំងឺកូវីដលឿនបំផុត”។ នេះបើតាមការអះអាងពីសំណាក់លោក ពុយ គា អគ្គលេខាធិការនៃក្លិបអ្នកកាសែតកម្ពុជា។ លោកថា មូលហេតុនាំឲ្យសហរដ្ឋអាមេរិក អឺរ៉ុប មានចំនួនអ្នកស្លាប់ និងឆ្លងកើនឡើងខ្លាំងបំផុតលើពិភពលោក ចំណុចសំខាន់នោះ ត្រង់ថាប្រទេសទាំងនោះ ជាប្រទេសប្រជាធិបតេយ្យខ្លាំងក្លា នាំឲ្យពលរដ្ឋរឹងរូស អះអាងប្រើសិទ្ធរបស់ខ្លួន ប្រឆាំងទៅនឹងការណែនាំរបស់រដ្ឋាភិបាល នាំឲ្យបង្កមហន្តរាយដូចពេលនេះ។
ជាមួយគ្នានេះដែរ អ្នកស្រី ម៉ី សនសុធារី អ្នកព័ត៌មានជើងចាស់ និងជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបក្នុងសង្គមយុវវ័យកម្ពុជា ក៏បានព្រមានដែរថា អ្វីដែលយុវវ័យ និងសាធារណជនត្រូវយល់ គឺមេរោគកំណាចនេះ នៅតែឆ្លង និងមានគ្រោះថ្នាក់បំផុតចំពោះមនុស្សគ្រប់វ័យ មិនមែនសម្រាប់តែមនុស្សចាស់ ឬក្រុមមនុស្សស្ថិតក្នុងវ័យណាមួយនោះឡើយ។
អ្នកស្រីបន្តថា រក្សាគម្លាតសង្គម ថែទំាអនាម័យ ពាក់ម៉ាស់រាល់ពេលស្ថិតនៅក្នុងក្រុមមនុស្ស មិនមែន ជារឿងអតីតកាលយើងត្រូវបំភ្លេចនោះទេ វានៅតែជារឿងបច្ចុប្បន្នយើងត្រូវធ្វើ និងបន្តធ្វើរហូត ទម្រាំដល់ពេលពិភពលោកមានវ៉ាក់សាំងការពារផ្លូវការ និងប្រសិទ្ធភាពពិតប្រាកដសិនទៀត ទើបគិតចាំជាថ្មី ពិសេសការពិចារណាដកចេញវិធានការគម្លាតសង្គមចេញ។
ម្ចាស់ប្រលោមលោក ក៏ដូចជាសៀវភៅអប់រំបែបផែនជីវិតរូបនេះ ក៏បានក្រើនរំឮកទៅកាន់ពលរដ្ឋកម្ពុជាទាំងអស់ “កូរ៉ូណាមិនមែនជារឿងលេងសើច ហើយការធ្វេសប្រហែស ក៏មិនមែនប៉ះពាល់ដល់ជីវិត យើងតែម្នាក់ឯងដែរ វានឹងធ្វើឲ្យក្រុមគ្រួសារ មិត្តភ័ក្តិយើង ធ្លាក់ចូលក្នុងគ្រោះថ្នាក់ដូចគ្នា!”។
បើក្រឡេកទៅមើលក្រសួងសុខាភិបាលកម្ពុជាឯណេះវិញ នៅកំពុងព្យាយាមពន្យល់ពលរដ្ឋកម្ពុជាឲ្យបន្តរក្សាអនុវត្តវិធានការការពារបន្តទៀត ដើម្បីប្រាកដថា សុខភាពយើង គ្រួសារយើង សហគមន៍យើង អាចចៀសឆ្ងាយពីការឆ្លងវីរុសកូវីដ ១៩។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានលើកឡើងថា “ពលរដ្ឋមេត្តាកុំភ្លេចខ្លួន ឬធ្វេសប្រហែសឲ្យសោះ បើទោះបីជាង ១០ថ្ងៃជាប់ៗគ្នា កម្ពុជាពុំមានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ មួយករណីថ្មីក៏ដោយ។
“បងប្អូនពលរដ្ឋយើងមួយចំនួន ហាក់ភ្លេចខ្លួន ដោយមានអ្នកខ្លះ រហូតដល់មានការរាប់ថយក្រោយករណីជំងឺកូវីដ ១៩ ដែលការធ្វើនេះគឺពុំត្រឹមត្រូវទេ”។ នេះជាការអះអាងពីលោកស្រី យក់ សម្បត្តិ ខណៈលោកស្រីបន្ថែមទៀតថា ពលរដ្ឋខ្មែរហាក់កំពុងប្រលែងលេងជាមួយជំងឺកំណាចរបស់ពិភពលោកមួយនេះ។
គិតត្រឹមព្រឹកថ្ងៃសោរ៍ ទី ២៥ មេសា ពិភពលោកទាំងមូលមានឆ្លងករណីកូវីដ ១៩ សរុបដល់ទៅ ប្រមាណជាង ២,៨លាននាក់ ក្នុងនោះជិត ២សែននាក់ បានស្លាប់ ហើយប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត មានអាមេរិក អ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស គេមើលឃើញថា ការរាត្បាតយ៉ាងគំហុគ គឺដោយសារតែពលរដ្ឋភាគច្រើនមើលងាយស្ថានការ។
ដោយឃើញបទពិសោធនេះ អង្គការសុខភាពពិភពលោក WHO បានក្រើនរំឮកជាថ្មី ឲ្យពលរដ្ឋកម្ពុជា បន្តការយកចិត្តទុកដាក់ កុំដើរហួសបន្ទាត់ក្រហម សម្រាប់ការបង្ការការពារពីការឆ្លងជំងឺកូវីដ ១៩។ ដោយឃើញជំងឺដ៏កាចសាហាវនេះ នៅតែបន្តរាតត្បាត បើសិនមានការធ្វេសប្រហែស រលកវាយប្រហារទី២ នៃមេរោគនេះ នឹងអាចកើតឡើង ឆ្លងដល់សហគមន និងបំផ្លាញដល់ប្រព័ន្ធសុខាភិបាលបានយ៉ាងងាយ៕ សន សុភា