បើគិតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា អាមេរិក មានអ្នកស្លាប់ ជាង៥១ពាន់នាក់ ស្មើនឹង១ភាគ៤ នៃចំនួនអ្នកស្លាប់ នៅលើពិភពលោក។ ចំណែកអ្នកឆ្លងវិញ បានកើនឡើងដល់ជាង ៩សែននាក់ហើយ។ រហូតមកទល់នឹងពេលនេះ អាមេរិកបានធ្វើតេស្តទៅលើពលរដ្ឋជិត៥លាននាក់។បើតតាមការព្យាករណ៍ អាមេរិកអាចនឹងមានអ្នកឆ្លងកើនឡើង១លានាក់ នៅចុងសប្តាហ៍។
តាមគេហទំព័រ Worldometers បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមេសា នៅលើពិភពលោក មានអ្នកឆ្លងសរុបដល់ទៅ ២ ៨២៦ ៨៤៧នាក់ និងមានអ្នកស្លាប់កើនឡើង ដល់១៩៦ ៩៨១នាក់។
អាមេរិកនឹងបង្កើនការធ្វើតេស្តឲ្យបានច្រើនបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឲ្យមានប្រសិទ្ធភាព។ កាលពីថ្ងៃទី២៤ ខែមីនា លោក ត្រាំ បានចុះហត្ថលេខាចំណាយប្រាក់បន្ថែម៤៨៤ ពាន់លានដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យ ពង្រីកការធ្វើតេស្ត និងអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនតុចៗដំណើរការឡើងវិញ។
ចាប់តាំងពីផ្ទុះកូវីដ១៩ រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាល និងសភាអាមេរិក បានអនុម័តចំណាយប្រាក់ជាង ២.៥០០ ពាន់លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋ និង ក្រុមហ៊ុន ដើម្បីឆ្លងឲ្យផុតដំណាក់កាលដ៏អាក្រក់បំផុត បង្កឡើងដោយកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO