ចិនបានថ្កោលទោសម្តងទៀត ដល់ការធ្វើនាវាចរណ៍នាវាចម្បាំងរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ។ សកម្មភាពឆ្លងកាត់នោះ ជាអាកប្បកិរិយា «គ្រោះថ្នាក់» គំរាមកំហែងសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ។
កងនាវាចរណ៍ប៉ាស៊ីហ្វិករបស់អាមេរិក កាលពីថ្ងៃទី២៣ ខែមេសា បានបញ្ជាក់ថា នាវាចម្បាំងមួយគ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកទីពីរ ក្នុងរយៈពេលមួយខែ ។
ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថា នាវាចម្បាំងអាមេរិក បានធ្វើនាវាចរណ៍ទៅទិសខាងត្បូង តាមច្រកតៃវ៉ាន់ ជាទីខណ្ឌចែកដែនទឹក រវាងដីចិនដីគោក និងតៃវ៉ាន់ ។ «នាវាចម្បាំងពិឃាតបំពាក់ប្រព័ន្ធមីស៊ីលនាំផ្លូវនោះ ជានាវា USS Barry តែងតែធ្វើបេសកកម្មជាប្រក្រតីរបស់ខ្លួន ដោយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ស្របទៅតាមច្បាប់អន្តរជាតិ» ។ នេះបើយោងតាម លោក Anthony Junco អ្នកនាំពាក្យកងនាវាចរណ៍ទី៧របស់កម្លាំងជើងទឹកអាមេរិក ។
កាសែតរ៉យទ័រ បានដកស្រង់សម្តីអ្នកនាំពាក្យដដែលនេះ បញ្ជាក់ថា «នេះជាការបង្ហាញនូវការប្តេជ្ញារបស់អាមេរិក ដោយបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការធ្វើនាវាចរណ៍, ការហោះហើរ ឬប្រតិបត្តិការដោយសេរី នៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត»។
នេះជាលើកទីពីរដែលនាវាចម្បាំងអាមេរិក USS Barry បានធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ កាលពីពីរសប្តាហ៍មុន នាវាចម្បាំងនេះបានធ្វើនាវាចរណ៍ឆ្លងកាត់ផងដែរ គឺនៅថ្ងៃជាមួយគ្នានឹងយន្តហោះចម្បាំងចិន ធ្វើសមយុទ្ធ នៅពីលើដែនទឹកជិតដែនកោះតៃវ៉ាន់ ។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រុងតៃប៉ិ បានបញ្ជាក់ថា យន្តហោះចម្បាំងនៅលើនាវាផ្ទុកយន្តហោះចិនបានប្រតិបត្តិការហោះហើរ នៅភាគខាងត្បូង តាមច្រកសមុទ្រ Bashi រវាងតៃវ៉ាន់ និងហ្វីលីន ហើយបានតម្រង់ទិសទៅភាគខាងកើត ។ កាលពីខែថ្មីៗនេះ ចិនបានធ្វើសមយុទ្ធជាច្រើនលើក នៅជិតតៃវ៉ាន់ ក្នុងនោះមានការប្រើប្រាស់យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ ហើយទីក្រុងតៃប៉ិហៅសកម្មភាពនោះ ជាការបំផិតបំភ័យ ។
តៃវ៉ាន់បានផ្តាច់ខ្លួន ចេញពីការគ្រប់គ្រងរបស់ចិន ចាប់តាំងពីឆ្នាំ១៩៤៩។ ប៉េកាំងចាត់ទុកដែនដីនេះ ជាផ្នែកមួយរបស់ខ្លួន ខណៈតៃវ៉ាន់នៅតែអះអាង អំពីស្វយ័ភាពលើទឹកដីនេះ ដោយបង្កើតទំនាក់ទំនាក់នយោបាយ និងការទូតជាមួយប្រទេសជាច្រើន ដែលបានទទួលស្គាល់ដែនអធិបតេយ្យរបស់ខ្លួន ៕ ប្រែសម្រួលដោយ៖ thach yat