ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្នុងកិច្ចការពារសុខភាពខ្លួន ទោះបីមួយរយៈចុងក្រោយនេះ កម្ពុជាមិនមានករណីឆ្លងថ្មីជំងឺកូវីដ១៩ ក៏ដោយ។ នេះបើតាមហ្វេសប៊ុកសម្តេច ហ៊ុន សែននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។
សម្តេចតេជោបានលើកឡើងថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា (Coronavirus 2019) ដែលយើងហៅថាកូវីដ១៩ (covid-19) ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះ ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា នៅតាមដងផ្លូវក៏មានការធ្វើដំណើរណែនស្ទើរស្ទះចរាចរណ៍ទៀតផង ហេតុនេះសម្តេចក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវ ចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជេលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗ ថាស្រុកយើងមិនអីទេនោះ។
មួយវិញទៀត ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន។ សូមបងប្អូនយកការព្រួយបារម្ភ និងភ័យខ្លាចនេះប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង៕ ដោយ៖ ប៊ុនធឿន