នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងវិលត្រឡប់ទៅធ្វើការវិញ នៅថ្ងៃទី២៧ ខែមេសា ក្រោយសម្រាកព្យាបាលជំងឺកូវីដ១៩ រយៈពេលមួយខែ។
បើតាមសារព័ត៌មាន The Telegraph របស់អង់គ្លេស បានផ្សាយ នៅថ្ងៃទី២៤ ខែមេសា ថា នាយករដ្ឋមន្ត្រី Boris Johnson មានសុខភាពល្អប្រសើរឡើងវិញហើយ។ រហូតមកដល់ពេលនេះ លោកបានបញ្ជាឲ្យជំនួយការរបស់លោក រៀបចំកិច្ចប្រជុំ ជាមួយបណ្តារដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមេសា។
លោក Boris Johnson បានផ្អាកពីការងារ នៅថ្ងៃទី២៦ ខែមីនា ក្រោយពេលលោកត្រូវធ្វើតេស្ដ រកឃើញឆ្លងកូវីដ១៩ ហើយត្រូវកាត់ផ្តាច់នៅក្នុងផ្ទះ ធ្វើការពីចម្ងាយ។ ប៉ុន្ដែនៅដើមខែមេសា ដោយសារតែស្ថានភាពជំងឺរបស់លោក កាន់តែអាក្រក់ទៅ ទើបលោកត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ក្រោយពេលព្យាបាល នៅក្នុងមន្ទីរពេទ្យ រយៈពេល១សប្តាហ៍នោះមក ស្ថានភាពជំងឺរបស់លោក ក៏វិលមករកភាពល្អប្រសើរឡើងវិញ ហើយបានចាកចេញពីមន្ទីរពេទ្យ ដើម្បីបន្តថែទាំសុខភាព នៅក្នុងផ្ទះរបស់លោក។
លោក Boris Johnson វិលត្រឡប់ទៅធ្វើការវិញ គឺជារឿងសំខាន់បំផុត សម្រាប់សង្គ្រាមប្រឆាំងនឹងវីរុសកូវីដ១៩ ដោយបច្ចុប្បន្នអង់គ្លេស ជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុត ក្នុងមួយថ្ងៃៗ នៅតំបន់អឺរ៉ុប។
តើនាយករដ្ឋមន្ត្រីអង់គ្លេសទទួលបានការព្យាបាល ពិសេសបែបណាទើបឆាប់ជាសះស្បើយពីកូវីដ១៩? ពលរដ្ឋអង់គ្លេសជាច្រើន បានចោទសួរថា តើមានការព្យាបាលពិសេសអ្វី ទើបលោក Boris Johnson ឆាប់ជាសះស្បើយ? ចំណែកពលរដ្ឋផ្សេងទៀត ម្តេចមិនទទួលបានការថែទាំង ពិសេសបែបនោះ?
ចំពោះបញ្ហាទាំងនោះ គិលានុបដ្ឋាយិកាអង់គ្លេសម្នាក់ បានលើកឡើងថា «យើងបានប្រឹងប្រែងមើលថែទាំលោក បូរីស ចនសុន ដូចជា អ្នកជំងឺដទៃៗទៀត ដោយលោកមិនបានទទួលការថែទាំអ្វីពិសេសឡើយ»។
សារព័ត៌មាន BBC នៅល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson គ្រាន់តែជាអ្នកជំងឺម្នាក់ ដែលយើងបានប្រឹងប្រែងព្យាបាលឱ្យជាសះស្បើយពី COVID-19 ឡើងវិញ ដូចអ្នកជំងឺធម្មតាដទៃតែប៉ុណ្ណោះ៕ ប្រែសម្រួលដោយ៖ MEO