កូរ៉េខាងជើង និងរុស្ស៊ី នឹងប្រារព្ធពិធីដ៏ធំមួយជាមួយគ្នា ដើម្បីរំឭកខួបមួយឆ្នាំ ដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសរុស្ស៊ី ។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង បានប្រកាសថា ភាគីទាំងពីរនឹងពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការជាឧបតោភាគី និងការប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃការទទួលបានឯករាជ្យពីការគ្រប់គ្រងដោយអាណានិគមន៍ជប៉ុនរបស់កូរ៉េខាងជើង។
ប្រភពពីស្ថានទូតដដែល បានបញ្ជាក់ថា រុស្ស៊ីបានផ្ញើបាច់ផ្កាជូនដល់មេដឹកនាំ គីម ខណៈរដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានពិភាក្សាគ្នាលើគម្រោងរួមគ្នា ជាពិសេសលើបញ្ហាកំពុងរាតត្បាតពីវីរុស COVID-19 ។
ការផ្ញើជូនបាច់ផ្កានេះ ក្រោយពេលមានពាក្យចរចាមអារ៉ាមលើកឡើងថា សុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយការវះកាត់សរសៃឈាមបេះដូង ។ ប៉ុន្ដែតាមពិតមិនមែនដូច្នោះឡើយ។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Vladivostok រយៈពេល៣ថ្ងៃ កាលពីចុងខែមេសា ឆ្នាំ២០១៩ ។ នោះជាដំណើរទស្សនកិច្ចដំបូងបំផុត ដែលជួបប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងលោក គីម ជុងអ៊ុន ៕ ប្រែសម្រួលដោយ៖ thach yat