ក្នុងអំឡុងពេលធ្វើសង្ខេបព័ត៌មានមួយ កាលពីថ្ងៃទី២៣ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ការផ្សាយរបស់ប្រភពព័ត៌មាន CNN កាលពីថ្ងៃទី២០ ខែមេសា ស្តីអំពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិងកំពុងស្ថិតក្នុងស្ថានភាពឈឺធ្ងន់ធ្ងរនោះ គឺជាព័ត៌មានមិនត្រឹមត្រូវ ។ នេះបើតាមការផ្សាយរបស់ប្រភព sputnik ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
លោកបានបន្ថែមថា «ខ្ញុំគិតថា ការផ្សាយនោះមិនពិត ។ ខ្ញុំគិតថា ការផ្សាយនោះ មានទាក់ទងជាមួយបណ្តាញមួយដែលមិនមានការពិត។ ខ្ញុំបាននិងកំពុងឮថា ពួកគេប្រើប្រាស់ព័ត៌មានចាស់…ខ្ញុំសង្ឃឹមថា វាជាការផ្សាយព័ត៌មានមិនពិត» ។
នៅពេលត្រូវបានគេសួរថា តើមានបានទាក់ទងជាមួយកូរ៉េខាងជើងដែរឬទេ, លោកត្រាំ បានបដិសេធផ្តល់ចម្លើយ ។ ប៉ុន្តែបានថ្លែងថា «ទំនាក់ទំនងអាមេរិកជាមួយកូរ៉េខាងជើង គឺល្អ » ។ លោកបានបញ្ជាក់ជាថ្មីថា រវាងលោក និងមេដឹកនាំគីម មានទំនាក់ទំនងល្អនឹងគ្នា ហើយលោកសង្ឃឹមថា គាត់ (គីម ជុងអ៊ុន) មិនមានបញ្ហាអ្វីកើតឡើងទៅចុះ»។
សូមរំឭកថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ប្រភពព័ត៌មាន CNN បានដកស្រង់ប្រភពពីមន្ត្រីមិនបញ្ចេញឈ្មោះ យកមកផ្សាយថា អាមេរិកកំពុងពិនិត្យមើលព័ត៌មានចារកម្ម ដែលបានអះអាងថា លោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងស្ថានភាពសុខភាពធ្ងន់ធ្ងរ ក្រោយពីការវះកាត់។
ប្រភពមិនបញ្ចេញឈ្មោះ តែជាមន្ត្រីអាមេរិកដទៃផ្សេងទៀត ក៏បានប្រាប់ CNN ទៀតថា សុខភាពមេដឹកនាំកូរ៉េខាងជើង គឺអាចជឿទុកចិត្តបាន ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរ នៃជំងឺនេះពិបាកក្នុងការវាយតម្លៃណាស់ ។
លោក គីម បានខកខានបង្ហាញវត្ដមាន នៅក្នុងពិធីប្រារព្ធខួបជីតារបស់គាត់ កាលពីថ្ងៃទី១៥ ខែមេសា ជាហេតុនាំឲ្យមានការសង្ស័យទៅលើបញ្ហាសុខភាព (ជំងឺសរសៃឈាមបេះដូង) របស់លោកបែបនេះ ៕ ប្រែសម្រួលដោយ៖ thach yat