Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនផ្តល់ជំនួយ៣០លានដុល្លារបន្ថែមដល់​ WHO ក្រោយអាមេរិក​ប្រកាសផ្អាក

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រសួងការបរទេសចិន ​បានប្រកាស​ថា ចិននឹងផ្តល់​ជំនួយ​​​៣០លានដុល្លារបន្ថែមទៀតដល់​អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ។ ការ​ប្រកាសផ្ដល់ជំនួយបន្ថែមរបស់ចិន បានកើតឡើង ក្រោយពេល​​អាមេរិក​ប្រកាស​ផ្អាក​ជំនួយ​ដល់ស្ថាប័នសុខភាពពិភលោក​មួយនេះ​ ក្រោមការចោទប្រកាន់ថា WHO បានបរាជ័យ​នៅក្នុងកាតព្វកិច្ច​ជាមូលដ្ឋាន​របស់ខ្លួន។ 

ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ ​កាលពី​ថ្ងៃទី១៥ ខែមេសា បានប្រកាស​ពី​ការផ្អាក​ជំនួយ​ដល់​អង្គការ​សុខភាព​ពិភពលោក ដោយសារចោទថា ស្ថាប័ននេះបាន​បិទបាំង​ពី​សភាព​ធ្ងន់ធ្ងរ នៃ​​ការផ្ទុះ​វីរុស​កូវី​ដ​-១៩​ នៅក្នុង​ប្រទេស​ចិន មុនពេល​រាលដាល​ នៅទូទាំង​ពិភពលោក។

ថ្លែង​​ក្នុង​សន្និសីទ​សារព័ត៌មាន លោក​ ត្រាំ​ បាន​ណែនាំ​ឲ្យ​រដ្ឋាភិបាល​របស់លោក ​ផ្អាក​ការ​ផ្ដល់ជំនួយ ខណៈ​ការវាយតម្លៃ ​និង​ការពិនិត្យ​ពី​តួនាទី​របស់​អង្គការ​សុខភាព​ពិភពលោក ឃើញថា​ គ្រប់គ្រង​មិន​ត្រឹមត្រូវ​​ ហើយ​ថែមទាំង​លាក់បាំង​ការ​រាតត្បាត​ នៃ​វីរុស​កូវី​ដ​-១៩​ថែមទៀត ​។​

​បើតាម​លោក​ ត្រាំ​ បានលើកឡើង​​ថា “​អង្គការ​សុខភាព​ពិភពលោក​បាន​ការពារ​តម្លាភាព​ជុំវិញ​ការ​ផ្ទុះឡើង ហើយ​អាមេរិក​នឹង​ពិភាក្សា​ថា ​ត្រូវធ្វើ​អ្វី​ជាមួយនឹង​ប្រាក់​ ដែល​គាំទ្រ​ដល់​អង្គការ​មួយ​នេះ​។ ជាមួយនឹង​ការ​រាតត្បាត ​នៃ​វីរុស​កូវី​ដ​-១៩ យើង​ពិតជា​មាន​ការព្រួយបារម្ភ​ខ្លាំង ថា​តើ​ទឹកចិត្ដ​សប្បុរសរប​ស់​អាមេរិក​ ត្រូវ​បានគេ​ប្រើប្រាស់​យ៉ាង​ល្អ​ឬ​អត់​?”

សូមបញ្ជាក់ថា អាមេរិក​ គឺជា​ម្ចាស់ជំនួយ​ដ៏​ធំ​បំផុត​ សម្រាប់​អង្គការ​សុខភាព​ពិភពលោក ដោយបាន​បរិច្ចាគ​ ជាង​៤០០​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០១៩ ប្រហែល​១៥​ភាគរយ​ នៃ​ថវិកា​របស់​អង្គការ​កំពូលមួយ​នេះ ។

ថ្លែងក្នុងសង្ខេបព័ត៌មាន​ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០​ អ្នកនាំពាក្យក្រសួងការបរទេស​ចិន លោក Geng Shuang បានបញ្ជាក់ថា «ចិន​បានសម្រេច​ផ្តល់ជំនួយ​បន្ថែមទៀតចំនួន​៣០លានដុល្លារ ​ជាសាច់ប្រាក់ ​ជួយដល់​អង្គការសុខភាពពិភពលោក ។ ជំនួយនេះ​ គឺបន្ថែម​លើជំនួយ​កាលពីពេលមុន ​ចំនួន​២០លានដុល្លារ។  គោលបំណង ​គឺគាំទ្រ​ដល់ស្ថាប័ន​ពិភព​លោក​​មួយនេះ ​ក្នុងការប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ហើយនិងការពង្រឹង​សកម្មភាព​នៅ​ប្រទេស​កំពុងអភិវឌ្ឍទាំងឡាយលើ​ផ្នែកសុខាភិបាល» ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9160177