ក្លិបយក្សទាំងពីរនៅអេស្ប៉ាញ Real Madrid និង Barcelona ត្រូវបានរាយការណ៍មកថា កំពុងបើកការចរចាលើការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig នៅអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
ក្លិបយក្សនៅក្របខណ្ឌ LaLiga ទាំងពីរនេះ សុទ្ធតែមានបំណងនាំយកខ្សែប្រយុទ្ធខាងលើមកចូលរួមជាមួយក្រុម ជាពិសេសពួកគេកំពុងតែត្រៀមរៀបចំតំបន់ប្រយុទ្ធឡើងវិញ ស្របពេលដែលខ្សែប្រយុទ្ធ Karim Benzema និង Luis Suarez ស្ថិតក្នុងវ័យជ្រេទៅហើយ។
យោងតាមគេហទំព័រ Goal បានឱ្យដឹងថា បច្ចុប្បន្នក្លិបទាំងពីរនេះសុទ្ធមានគោលដៅរៀងៗខ្លួន ក្នុងការនាំយកខ្សែប្រយុទ្ធចំណូលថ្មីមកកាន់ក្លិបនៅរដូវក្តៅនេះ។ ជាក់ស្តែង Barcelona បានដាក់គោលដៅនាំយកខ្សែប្រយុទ្ធជួរមុខរបស់ ក្លិប Inter-Milan កីឡាករ Lautaro Martinez ខណៈដែល Real Madrid សម្លឹងឃើញខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG ជាជម្រើសទី១ របស់លោក Zinedine។
យ៉ាងណាមិញ ប្រសិនបើពួកគេបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធទាំងពីរខាងលើនេះ នោះ Werner ជាបេក្ខភាពបន្ទាប់របស់អ្នកចាត់ការក្លិបទាំងពីរខាងលើ ដែលអាចនាំចូលនៅរដូវក្តៅនេះ ខណៈពេលដែល Liverpool ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែប្រយុទ្ធរូបនេះផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖The Sun