ព្រឹទ្ធសភា ចាត់ទុកយុទ្ធសាស្ត្រទប់ស្កាត់កូវីដ ១៩ កម្ពុជា ជាជោគជ័យដ៏ធំមួយ បើធៀបប្រទេសអាស៊ានផ្សេងទៀត
ភ្នំពេញ ៖ ព្រឹទ្ធសភា នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសគាំទ្រចំពោះវិធានការរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជុំវិញពិភពលោក។ នេះបើតាមការបញ្ជាក់ពីសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មកកាន់អ្នកសារព័ត៌មាន។
លោក ម៉ម ប៊ុននាង បានថ្លែងបញ្ចប់សម័យប្រជុំលើកទី៤ នីតិកាលទី៥ នាថ្ងៃទី២៣ មេសានេះថា សមាជិកព្រឹទ្ធសភាទាំងអស់ បានគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដោយថែមទាំងឃើញលទ្ធផលជាផ្លែផ្កាក្នុងពេលនេះ ផ្តើមចេញពីភាពឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល នាំឲ្យរយៈពេល ១១ថ្ងៃកន្លងមកនេះ មិនមានករណីឆ្លងថ្មី ខណៈករណីជាសះស្បើយបន្តឡើង។
អ្នកនាំពាក្យរូបនេះ បានធៀបកម្ពុជាទៅក្នុងចំណោមសមាជិកអាស៊ានផ្សេងទៀត ពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ ១៩ គឺចាត់ទុកជាជោគជ័យដ៏ធំធេង ពិសេសមិនមានករណីស្លាប់ណាមួយករណីឡើងក្នុងប្រទេសរបស់យើងនោះឡើយ។ ចំណុចនេះបង្ហាញពីភាពជោគជ័យចំពោះវិធានការទប់ស្កាត់ដែលរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ នាំឲ្យថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក និងគណៈកម្មការទាំងអស់សូមគាំទ្រ និងផ្តល់ការលើកទឹកចិត្ត ហើយមានជំនឿជឿជាក់ទៅលើករាជរដ្ឋាភិបាល៕ ដោយ៖ ត្នោត