សៀមរាប៖ បងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីក្រៅ និង ក្នុងប្រទេសចំនួន៨២នាក់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ក្រឡាញ់ ខេត្តសៀមរាប បានបញ្ចប់ការធ្វើចត្តាឡីស័ក ការដាក់ឲ្យដាច់ដោយឡែករយះពេល ១៤ថ្ងៃប្រកបដោយជោគជ័យ ។
នៅព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០២០នេះ លោកស្រី ម៉ននី រងី្ស អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ស្រុកក្រឡាញ់ រួមទាំងអស់លោក លោកស្រី សមាជិកអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ស្រុក បានចុះជួបសំណេះសំណាល ធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ដាក់ឲ្យដាច់ដោយឡែករយះពេល ១៤ថ្ងៃប្រកបដោយជោគជ័យ និងត្រូវបានវិលត្រឡប់ទៅកាន់លំនៅដ្ឋាន ជួបជុំក្រុមគ្រួសាររបស់ខ្លួន ។
លោកស្រី ម៉ននី រងី្ស បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅ ប្រទេសទូទាំងស្រុកក្រឡាញ់ សរុប១២ពាន់៧៩នាក់ និង បានវិលមកវិញចាប់ពីថ្ងៃទី១០មីនា មកដល់បច្ចុប្បន្នមានចំនួន២ពាន់៩៣៦នាក់ ក្នុងនោះអ្នកដែលបានចូលមកមណ្ឌលធ្វើចត្តាឡីស័ក នៃវិទ្យាល័យ ក្រឡាញ់មានចំនួន២២០នាក់ និងនៅតែបន្តចូលមកជាបន្ត បន្ទាប់ ហើយបងប្អូនដែលបានអនុវត្ត ត្រូវបានបញ្ចប់ការធ្វើ ចត្តាឡីស័ក មានចំនួន ១១១នាក់ ដោយបានវិលទៅកាន់ភូមិដ្ឋានទាំងពីរលើក ។
លោកស្រីក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់បងប្អូនទាំងអស់ គឺត្រូវបន្តទៅទៀតក្នុងការធ្វើអនាម័យឲ្យបានជាប្រចាំ ទៅតាមការណែនាំរបស់ក្រសួងសុខភិបាល ជៀសវាងការឆ្លងជម្ងឺកូវីដ១៩ ។ ម៉្យាងទៀត ការដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយៈពេល១៤ថ្ងៃនេះ មិន មែនជាការរើសអើងចំពោះបងប្អូនឡើយ គឺជាវិធានការដ៏ល្អ របស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការពារកុំឲ្យមានការរីករាតត្បាតនៅក្នុងសហគមន៍ ៕ ដោយ៖ ប៊ុនធឿន