អតីតអ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Loris Karius ត្រូវបានគេរាយការណ៍ថា អាចនឹងវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសសាជាថ្មីម្តងទៀត បន្ទាប់ពីក្លិបចចក Wolves ចង់បាននៅអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
អ្នកចាំទីសញ្ជាតិអាល្លឺម៉ងរូបនេះ ត្រូវបាន Liverpool ដាក់ឱ្យក្លិប Besiktas ខ្ចីជើងរយៈពេលពីរឆ្នាំ បន្ទាប់ពីមិនមានការពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់ក្លិប ក្រោយរូបគេបានសាងកំហុសដ៏ធំមួយនៅវគ្គផ្តាចព្រ័ត្រក្នុងពានរង្វាន់ Champions League ដោយចាញ់ក្លិប Real Madrid ក្នុងលទ្ធផល ៣-១ កាលពីឆ្នាំ២០១៨។
យោងតាមកាសែតនៅទួរគី Fanatik បានឱ្យដឹងថា ក្លិប Wolves កំពុងចង់បានអ្នកចាំទីថ្មីបន្ថែម ដើម្បីមកជួយសម្រួលដល់អ្នកចាំទីរបស់ក្លិបបច្ចុប្បន្នគឺ កីឡាករ Rui Patrício ដែលកំពុងមានវ័យជ្រេទៅហើយ ខណៈពេលដែល Karius ជាបេក្ខភាពមួយរូបសម្រាប់មកជួយក្លិបនៅពេលខាងមុខ។
Karius បានបង្ហាញខ្លួន ២៥ប្រកួត សម្រាប់ក្រុម Besiktas នៅរដូវកាលនេះមុនពេលដែលជំងឺ កូវីដ ១៩បានចាប់ផ្តើម ប៉ុន្តែការលេងឱ្យក្រុមនៅទួរគីមួយនេះហាក់មិនសូវបានល្អសោះ ដែលធ្វើកិច្ចសន្យារបស់អ្នកចាំទីរូបនេះអាចនឹងបញ្ចប់មុនកុងត្រា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖The Sun