ភ្នំពេញ៖ Tnaot App បាននាំយកម៉ាស់ចំនួន៣០០០ ទៅផ្តល់ជូនក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីចូលរួមកិច្ចការងារសង្គម ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានសម្តែងការសប្បាយរីករាយ នៅពេលដែលមានមិត្តខាង Tnaot App យកម៉ាស់មកចែកដល់អ្នកសារព័ត៌មានក្នុងពេលនេះ គឺជាការចែកជូនដ៏ល្អ និងចំពេលវេលាកំពុងត្រូវការជាចាំបាច់។ ក្លិបអ្នកការសែតកម្ពុជា ដែលមានសមាជិកជិត១០០ស្ថាប័ន គិតជាបុគ្គលមានចំនួនប្រមាណ៤០០នាក់ ទាមទារឲ្យពួកគាត់ប្រើម៉ាស់យកទៅពាក់ នៅពេលដែលត្រូវជួបភ្ញៀវ ឬត្រូវសម្ភាសន៍ ជាបន្តបន្ទាប់។
នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល Tnaot App បានចូលរួមកិច្ចការងារសង្គម។ កន្លងមកក្រុមហ៊ុន ក៏បានចុះចែកអំណោយជា ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃជាដើម ជូនដល់បងប្អូន អ្នករត់កង់បី អ្នករត់ម៉ូតូឌុប អ្នកធាក់ស៊ីក្លូ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដើម្បីសម្រួលបន្ទុកពួកគាត់ ក្នុងគ្រាមានអាសន្នដោយសារជំងឺកូវីដ១៩នេះ។
ក្រៅពីចែកជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន Tnaot App ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយជួយជាម៉ាស់ជាង ២ម៉ឺន ក្នុងពេលថ្មីនេះៗ ផងដែរ។
ពិតណាស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រុមហ៊ុន TNAOT APP បានអនុវត្តយ៉ាងខ្ជាប់ខ្ជូនគ្រប់វិធានការទាំងអស់ដែលដាក់ចេញដោយរដ្ឋាភិបាល និងក្រសួងសុខាភិបាល រាប់បញ្ចូលទាំងការវៀបចំបរិយាកាសល្អសម្រាប់បុគ្គលិកបំពេញការងារដោយយកវិធីធ្វើការងារពីចម្ងាយ (តាមអនឡាញ) ផ្តល់គ្រប់សម្ភារការពារដើម្បីធានាថា បុគ្គលិករបស់ TNAOT APP មានសុខភាពល្អ និងមានសុវត្តិភាព៕ ដោយ៖ ប៊ុនធឿន