កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានព្រមានថា កូវីដ១៩ កំពុងតែធ្វើឲ្យ មនុស្សត្រូវបាត់បង់ស្បៀងអាហារ កើនឡើងដល់ទៅទ្វេដង។ កាលពីឆ្នាំ២០១៩ ពលរដ្ឋ១៣៥លាននាក់ កង្វះខាតស្បៀងអាហារ ហើយនៅឆ្នំា២០២០នេះ នឹងកើនឡើងដល់ទៅ២៦៥លាននាក់។ កូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់ប្រភពផ្គត់ផ្គង់ស្បៀងអាហារ នៅលើពិភពលោក។
បើតាមការលើកឡើងរបស់ WFP កង្វះស្បៀងអាហារ បានធ្វើឲ្យជីវភាពរស់នៅ និងសេដ្ឋកិច្ច របស់មនុស្សជួបគ្រោះថ្នាក់ភ្លាមៗ។ អ្នកជំនាញរបស់ WFP លោក Arif Husain បានបញ្ជាក់ថា កូវីដ១៩នឹងបង្កឲ្យពលរដ្ឋរាប់សិបលាននាក់ ប្រឈមនឹងកង្វះស្បៀងអាហារខ្លាំងបំផុត។ លោកបញ្ជាក់ទៀតថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ទប់ស្កាត់ផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច បង្កឡើងដោយកូវីដ១៩។
នៅក្នុងរបាយការណ៍ស្តីពី វិបត្តិស្បៀងអាហារលើពិភពលោក របស់WFP នៅក្នុងឆ្នាំ២០១៩ មានពលរដ្ឋ៧៧លាននាក់ ប្រឈមនឹងកង្វះស្បៀងអាហារ ក្នុងនោះមាន៣៤លាននាក់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និង២៤លាននាក់ ពាក់ព័ន្ធនឹងការធ្លាក់ចុះសេដ្ឋកិច្ច។
បើតាមរបាយការណ៍ នៅក្នុងឆ្នាំ២០១៩ មានពលរដ្ឋ១៣៥លាននាក់ នៅ៥៥ប្រទេស និងដែនដីប្រឈមនឹងបញ្ហាសន្តិសុខស្បៀងអាហារ ក្នុងនោះមានកុមារ៧៥លាននាក់ កង្វះអាហារូបត្ថម្ភ។ ក្នុងចំណោមនោះ មានពាក់កណ្តាល ស្ថិតនៅទ្វីបអាហ្រិក។
ជាមួយគ្នានេះដែរ អគ្គនាយកអង្គការស្បៀងអាហារ និងកាសិកម្មអន្តរជាតិ FAO លោក Dongyu បានបញ្ជាក់ថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែមានវិធានាការដើម្បីជួយឲ្យមនុស្សរាប់សិបលាននាក់ រួចផុតពីបញ្ហាសន្តិសុខស្បៀងអាហារ៕ ប្រែសម្រួលដោយ៖ MEO