ប្រភពព័ត៌មានរាយការណ៍បឋមបានបញ្ជាក់ថា មានគ្រោះរញ្ជួយដីមួយបានកើតឡើង ធ្វើឲ្យកក្រើកញាប់ញ័រនៅក្នុងខេត្តភាគកណ្តាលរបស់ប្រទេសជប៉ុន ។ នៅពេលភ្លាមៗនេះ មិនមានរបាយការណ៍អំពីខូចខាត គ្រោះថ្នាក់ដល់អាយុជីវិត ឬបណ្តាលឲ្យមានរលកយក្សស៊ូណាមិននោះទេ ។
អាជ្ញាធរពាក់ព័ន្ធមិនទាន់ឃើញចេញព្រមានអំពីការវាយប្រហារដោយរលកយក្សស៊ូណាមិនោះដែរ ។ គ្រោះរញ្ជួយដីនេះកើតឡើងនៅវេលាម៉ោង៤និង៤៤នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
តាមភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីនៅពេលនេះ ទំហំ៥,៥រ៉ិចទ័រ កើតឡើងនៅក្នុងខេត្ត Nagano ។ ចំណុចកណ្តាលគ្រោះរញ្ជួយដីនេះ តែប្រមាណ៣០០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងតូក្យូ ហើយមានជម្រៅ១០គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា ជប៉ុនតែងតែកើតឡើងនូវគ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់ ។ អ្នកជំនាញបាននិយាយថា ទីតាំងភូមិសាស្ត្រប្រទេសជប៉ុនស្ថិតនៅត្រង់ចំណុចសកម្ម ដែលត្រូវបានហៅថា តំបន់ខ្សែក្រវាត់ភ្លើង ។ ចំណុចនេះហើយធ្វើឲ្យរងគ្រោះដោយសារផ្ទុះភ្នំភ្លើង រលកយក្សស៊ូណាមិ និងការរញ្ជួយដីកម្លាំងខ្លាំង ៕ ប្រែសម្រួលដោយ៖ thach yat