កណ្តាល៖ កម្មករ-កម្មការិនី ប្រមាណ ៣ពាន់នាក់ បម្រើការងារនៅរោងចក្រ ប្រឹភីសឹស (Propitious Cambodia Garment Ltd) មានទីតាំងក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល អះអាងថា ពួកគាត់ ត្រូវថៅកែរោងចក្រសម្រេចបញ្ឈប់ការងារភ្លាមៗ ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។
ក្នុងចំណោមកម្មករ-កម្មការិនី កំពុងឈរតវ៉ានៅខាងមុខរោងចក្រ ប្រឹភីសឹស កាលពីព្រឹកថ្ងៃ ២៣ មេសា កម្មការិនីម្នាក់ សុំមិនប្រាប់ឈ្មោះ ប្រាប់ថាឲ្យដឹងថា រោងចក្រ ប្រឹភីសឹស គឺមានកម្មករ-កម្មការិនី សរុបប្រហែលជា ៣ពាន់នាក់ ត្រូវថៅកែប្រកាសបញ្ឈប់ការងារភ្លាមៗ កាលពីម្សិលមិញ ដោយមិនបានជូនដំណឹងជាមុននោះឡើយ។
ក្រុមកម្មការិនី បានត្អូញត្អែរថា ពួកគេកំពុងបារម្ភអំពីដំណោះស្រាយសំណងសម្រាប់ខ្លួន ដែលអាចនឹងមានភាពមិនត្រឹមត្រូវតាមផ្លូវច្បាប់ ខណៈថៅកែរោងចក្រ បានសន្យាបើកលុយសំណង និងអត្ថប្រយោជន៍ផ្សេងៗឲ្យពួកគាត់នៅថ្ងៃ ៣០ មេសា ខាងមុខនេះ។
អ្នកស្រី គួច ដាវី ប្រធានរដ្ឋបាលរោងចក្រ ប្រឹភីសីស បានប្រាប់ថា គម្រោងរោងចក្របញ្ឈប់កម្មករ-កម្មការិនីពីការងារ គឺដោយសារគ្មានអ្នកបញ្ជាទិញ និងពុំមានប្រាក់គ្រប់គ្រាន់សម្រាប់បើកជូនកម្មករ។ ប៉ុន្តែយ៉ាងណាក្តី អ្នកស្រីបញ្ជាក់ដែរថា ចំពោះការដោះស្រាយសំណងវិញ ខាងរោងចក្រកំពុងដំណើរការដោះស្រាយតាមផ្លូវច្បាប់ជូនកម្មករហើយ៕ ដោយ សួង សាម