Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើអ្វីជា workshop? វាមានប្រយោជន៍អ្វីខ្លះដល់អ្នក?

យើងធ្លាប់តែលឺថាគេទៅចូលរួម Workshop ពីប្រធានបទផ្សេងៗ ហើយការពាក្យ workshop នេះក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុង គ្រប់មជ្ឈដ្ឋានទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ប៉ុន្តែមិនមែនគ្រប់គ្នាយល់អត្ថន័យនៃពាក្យ Workshop នេះនោះទេ។​ ការពិតទៅ Workshop ជាភាសាខ្មែរ វាមានអត្ថន័យថាសិក្ខាសាលា។ សិក្ខាសាលាគឺជាប្រភេទ កម្មវិធីដែលផ្តោតលើប្រធានបទណាមួយដែលមានការធ្វើបទបង្ហាញដោយវាគ្មិនមានជំនាញ ឬក៏អ្នកឯកទេសលើប្រធានបទនោះផ្ទាល់ ហើយត្រូវបានរៀបចំដោយក្រុមការងារ ឬស្ថាប័នណាមួយ។ ជារឿយៗ សិក្ខាសាលាធ្វើឡើង មានរយៈពេលចន្លោះពី១ថ្ងៃទៅ៣ថ្ងៃ ដែលទាមទារទាំងការចំណាយពេលវាលា និង លុយកាក់របស់អ្នកចូលរួម។

៥ ចំណុចខាងក្រោម ជាអត្ថប្រយោជន៍ដែលបុគ្គលអាចទទួលបាន៖

១. ទទួលបានគំនិតនិងបទពិសោធន៍ថ្មី

ក្នុងសិក្ខាសាលានីមួយៗតែងមានការអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ជ្រាលជ្រៅទាក់ទងនឹងប្រធានបទដែលលើកយកមកបង្ហាញ។ នេះជាឱកាសល្អដល់បុគ្គលនីមួយៗ។ ទស្សនិកជនអាចស្តាប់ពីគំនិតឫបទពិសោធន៍របស់អ្នកដទៃ ដើម្បីអភិវន្ឍទស្សនៈវិស័យរបស់ខ្លួន ជាជំនួយដល់ការវិនិច្ឆ័យបានគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈ។

២. ជម្រុញទឹកចិត្តខ្លួនឯងឲ្យសម្រេចកិច្ចការអ្វីមួយ

ជួនកាលក្នុងជីវភាពបច្ចុប្បន្នបុគ្គលម្នាក់អាចកំពុងខ្វះភាពក្លាហានឫកំពុងជួបប្រទះបញ្ហាដែលពិបាកដោះស្រាយ។ ការស្តាប់អំពីគំនិតអ្នកដទៃអាចជាកត្តាជម្រុញឲ្យយើងមានចិត្តជំនះឧបសគ្គទាំងនោះ។ម្យ៉ាងការយកគំនិតអ្នកដទៃមកស្តាប់ក៍អាចធ្វើឲ្យបុគ្គលនឹកឃើញដំណោះស្រាយថ្មីដែរ។

៣. យល់ដឹងពីហេតុការណ៍ក្នុងសង្គម

ជាទូទៅប្រធានបទលើកយកមកនិយាយក្នុងសិក្ខាសាលានីមួយៗតែងមានភាពខុសគ្នា។ហើយប្រធានបទ ទាំងនោះតែងលើកឡើងមកបង្ហាញដោយសារវាជាអ្វីដែលកំពុងកើតឡើងក្នុងសង្គម។ វាអាចជាតម្រូវការអ្វីមួយដែល មនុស្សគ្រប់រូបក្នងសង្គមបច្ចុប្បន្នគួរប្រកាន់ភ្ជាប់ ឫ អាចអំពីស្ថានភាពនៃវិស័យនីមួយៗក្នុងប្រទេសជាដើម។

៤. ស្វែងយល់ពីខ្លួនឯង

ក្នុងជីវិតមនុស្សម្នាក់ អ្វីដែលសំខាន់ជាងគេគឺការយល់ច្បាស់ពីខ្លួនឯង។ ការដែលទទួលស្តាប់យកនូវទស្សនៈ អ្នកដទៃ ជាផ្លូវមួយដែលអាចធ្វើឲ្យបុគ្គលយល់ដឹងបន្ថែមពីខ្លួនឯងអំពី អ្វីដែលខ្លួនចូលចិត្ត អ្វីជាគោលបំណងក្នុងជីវិត និង អ្វីដែលខ្លួនចង់ផ្លាស់ប្តូរដើម្បីជួយដល់សង្គមជាដើម។

៥. អភិវឌ្ឍការប្រាស្រ័យទាក់ទង

បច្ចុប្បន្ន ការប្រាស្រ័យទាក់ទងជាជំនាញទន់ ឫ គេហៅថា soft skill ពិតជាសំខាន់ ត្រូវការក្នុងគ្រប់ ស្ថានការណ៍ ដែលអាចប្រើប្រាស់ក្នុងកន្លែងធ្វើការ និង ការធ្វើជំនួញជាដើម។ ការចូលរួមសិក្ខាសាលា បុគ្គលម្នាក់ៗនឹង ជួបមនុស្សជាច្រើន ជាពេលដែលអាចហ្វឹកហាត់ការប្រាស្រ័យទាក់ទង និងបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។

យើងបានឃើញហើយថា ការចូលរួមក្នុងកម្មវិធីសិក្ខាសាលា អាចផ្តល់នៅអត្ថប្រយោជន៍ជាច្រើន ដូច្នេះហើយ ឆ្លៀតពេលទំនេរពីការសិក្សា ក៏ដូចជា ការងារផ្សេងៗ លោកអ្នកអាចស្វែងរកសិក្ខាសាលា ដែលលោកអ្នកចាប់អារម្មណ៏ ហើយចូលរួមសិក្សាស្វែងយល់នូវមតិយោបល់របស់ វាគ្និន ដើម្បីរៀនពីបទពិសោធន៏របស់ពួកគាត់ និងអភិវឌ្ឍខ្លួនឯងអោយកាន់តែប្រសើរឡើង។ 

អត្ថបទដោយសមាជិក Project Inspire: ហុង សុខម៉ូនីតា 

from: https://tnaot.com/km/m/detail/article/9157667