(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី២២ ខែមេសា នេះ កម្ពុជាមិនមានអ្នកជាសះស្បើយ និងករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ (Covid-19) ឡើយ។ នេះដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
ក្នុងរយៈពេល ២ថ្ងៃជាប់គ្នានេះ កម្ពុជាមិនមានអ្នកជាសះស្បើយឡើយ ខណៈបច្ចុប្បន្នអ្នកឆ្លងបានថយចុះមកនៅត្រឹមចំនួន ១២នាក់ ក្នុងនោះមានស្តី្រ ៧នាក់ និងបុរស ៥នាក់ នៃអ្នកឆ្លងសរុប ១២២នាក់។
ដោយឡែក នៅរយៈពេល ១០ថ្ងៃជាប់ៗគ្នា គិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជាក៏នៅតែមិនករណីឆ្លងថ្មីផងដែរ។
មកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់។
ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១១០នាក់ រួមមាន ជនជាតិខ្មែរ ៤៦នាក់, ចិន ១នាក់, អង់គ្លេស ៥នាក់, បារាំង ៣៨នាក់, ម៉ាឡេស៊ី ១២នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ១នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕