បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ កាលពីវេលាម៉ោង ១៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសម្តីបងថ្លៃរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានយកខោអាវបោកអ៊ុតមកឱ្យជនរងគ្រោះនៅទីតាំងកើតហេតុ ខណៈដែលគាត់ព្យាយាមគោះទ្វារតែមិនមានអ្នកឆ្លើយតប ក៏ស្រាប់តែស្ត្រីជាបងថ្លៃបានមើលតាមបង្អួចឃើញប្អូនថ្លៃរបស់គាត់ប្រឡាក់សុទ្ធតែឈាមពេញរាងកាយ។ ភ្លាមៗនោះគាត់ក៏បានទាក់ទងទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍គាស់ទ្វារចូលទៅជួយប្អូនថ្លៃ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ស៊ន់ ជា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យទៅលើសាកសព មុននឹងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ