ភ្នំពេញ៖ ស្ដ្រីម្នាក់បែកគំនិតយកកាំបិតចុងស្រួច និងឡាមមកចាក់ អារ ជើងខ្លួនឯង រួចទៅប្រាប់សមត្ថកិច្ចដោយ បំប៉ោងរឿង ថាមានចោរប្លន់យកលុយអស់ចំនួន២៥០០ដុល្លា។ ក្រោយកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិសែនជ័យ ចុះមកធ្វើការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបដឹងថា ជនសង្ស័យគឺជាអ្នកប្រឌិតរឿងសោះ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦ និង ២០នាទីល្ងាច ស្ថិតនៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ មាន ណាវី អាយុ២១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិ ថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះជាថៅកែមានឈ្មោះ មេីម រ៉ូយ៉ាល់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅភូមិ សង្កាត់ជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ សួង សាម