ភ្នំពេញ៖ គិតមកត្រឹមម៉ោង ១១:០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ កម្មកររោងចក្រប្រមាណ ១៥៣៣នាក់ហើយ បានមកត្រួតពិនិត្យសុខភាព បន្ទាប់ពីវិលត្រឡប់មកពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរវិញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា ដើម្បីការពារសុខភាពបងប្អូនកម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការងារជាធម្មតាអំឡុងពេលបុណ្យចូលឆ្នាំផង ក៏ដូចជាការពារសុខភាពបងប្អូនកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំផង ក្រសួងការងា បានសហការជាមួយក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានដាក់ដំណើរការមណ្ឌលត្រួតពិនិត្រសុខភាពចំនួន ១០មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន ៣មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មការកម្មការិនីដែលវិលពីស្រុកកំណើតវិញ។
ជាលទ្ធផលកាលពីថ្ងៃទី២១ ខែមេសាម្សិលមិញ មានកម្មកររោងចក្រចំនួន ១២២១នាក់បានឆ្លងកាត់ការពិនិត្យសុខភាព ដោយដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃចំនួន ១១៤៦នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្រាឡីស័កកម្រិត១ ចំនួន ១៤នាក់ ដាក់ឱ្យស្នាក់នៅចត្តាឡីស័កកម្រិត២ ចំនួន ៦១នាក់ និងបានយកសំណាកទៅពិសោធន៍បន្តចំនួន ៧០នាក់។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៥៨នាក់ ក្នុងនោះចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ៤០នាក់ និងកម្រិត២ ចំនួន ១៨នាក់។
ក្រសួងបានបញ្ជាក់ទៀតថា គិតមកត្រឹមម៉ោង ១១:០០នាទីព្រឹកនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៣១២នាក់ ដោយនៅក្នុងនោះបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ១៤ថ្ងៃ ចំនួន ៣១១នាក់ និងបានដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ១នាក់៕ ដោយ៖ តារា