រាជធានីភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាបានគ្រប់គ្រងស្ថានភាពស្ថានការណ៍បានល្អជាង បណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយស្ថានភាពល្អដូចពេលនេះ កម្ពុជាមិនមានភាពចាំបាច់ណា ដែលត្រូវដាក់ឲ្យអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននោះទេ។
នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាម២០២០នេះ។
លោក ជិន ម៉ាលីន បានលើកឡើងថា បើទោះជាពេលនេះមិនមានការចាំបាច់ក្នុងការដាក់ឲ្យអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ប៉ុន្តែវាជាការល្អប្រសើរដែលមានច្បាប់នេះនៅក្នុងដៃ ពីព្រោះទៅថ្ងៃមុខទៀតយើងមើលមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ។ ហេតុនេះ គឺជាការត្រៀមខ្លួនរួចជាស្រេច មិនមែនត្រៀមសម្រាប់តែជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ គឺសម្រាប់នៅពេលអនាគត ដែលគ្រោះថ្នាក់សម្រាប់ប្រទេសជាតិដែល ចាំបាច់ត្រូវប្រើប្រាស់នុវត្តច្បាប់នេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បន្តឲ្យដឹងថា មកដល់ពេលនេះ មានប្រទេសជាង៧០ ហើយបានសម្រេចដាក់ប្រទេសក្នុងភាពអាសន្ន ហើយកំពុងអនុវត្តតាមបទបញ្ញាត្តិ ខណៈប្រទេសគេបានជួបបញ្ហាឆ្លងជំងឺកូវីដ១៩។ ផ្ទុយទៅវិញ បើសិនកម្ពុជាមិនទាន់មានច្បាប់ ហើយប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះគឺពិបាក ។ លោកបញ្ជាក់ថា បើមិនទាន់ដាក់ប្រទេសក្នុងភាពមានអាសន្នទេ ច្បាប់នេះ ក៏មិនទាន់យកមកអនុវត្តដែរ៕ ដោយ៖ ប៊ុនធឿន