ភ្នំពេញ៖ កម្មករ កម្មការិនី ជាង១៤០០នាក់ហើយ បានពិនិត្យសុខភាពនៅតាមបណ្ឌលត្រួតពិនិត្យសុខភាពនៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។
តាមសេចក្តីប្រកាស ក្រសួងការងារបានឲ្យដឹងថា កម្មករ កម្មការិនី ១៤២៣ នាក់បានពិនិត្យសុខភាព ក្នុងនោះចំនួន ១០១៨ នាក់បានពិនិត្យ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ហើយមាន ៩៥៩នាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន៣៨នាក់ត្រូវបានដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវ័ន) និង១៨នាក់ យកសំណាកយកទៅពិសោធន៍បន្ត រីឯ២១ នាក់ផ្សេងទៀត ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ (វិទ្យាល័យជម្ពូវ័ន)
ដោយឡែក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មានកម្មកររោងចក្របានពិនិត្យសុខភាពចំនួន ៤០៥នាក់ ក្នុងនោះដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៣៧៦នាក់។ ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៦នាក់ និងដាក់ឲ្យស្នាក់នៅចត្តាឡីស័កកម្រិត២ ចំនួន២៣នាក់។
សូមជម្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រួពេទ្យស្ម័គ្រចិត្តសម្តេចតេជោ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ១០មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន៣មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបាន ឈប់សម្រាកអំឡុងពេលចូលឆ្នាំ និងទើបត្រឡប់ចូលបម្រើការងារវិញ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បញ្ជាក់ថា មណ្ឌលចត្តាឡីស័កកម្រិត១ ប្រៀបដូចជាការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេក្នុងផ្ទះ ឬបន្ទប់ជួលផ្ទាល់ខ្លួន ប៉ុន្តែជួនកាលម្ចាស់បន្ទប់ជួលគាត់ ឬអ្នករួមបន្ទប់របស់គាត់មិនហ៊ានឱ្យនៅក្នុងបន្ទប់ជួលរបស់គេទេ សាមីខ្លួនអាចមកស្នាក់នៅដាច់ដោយឡែកនៅមណ្ឌលនេះបាន។
ចំណែកមណ្ឌលចត្តាឡីស័កកម្រិត២វិញ គឺមានតែនៅអគារមួយផ្សេងពីអគារចត្តាឡីស័កកម្រិត១ នៃវិទ្យាល័យជម្ពូរវ័ន្ត តែមួយប៉ុណ្ណោះ ដែលសម្រាប់ដាក់បុគ្គលដែលត្រូវបានគេយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ប្រសិនបើត្រួតពិនិត្យឃើញវិជ្ជមាន គេនឹងបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៉ី។
លោក ហេង សួរ បានលើកឡើងទៀតថា អគារចត្តាឡីស័កកម្រិត២ ក្នុង១បន្ទប់ស្នាក់នៅបានតែម្នាក់ប៉ុណ្ណោះ ចំណែកឯអគារចត្តាឡីស័កកម្រិត១ អាចស្នាក់បានលើសពីម្នាក់ ហើយក្នុងមណ្ឌលចត្តាឡីស័កកម្រិត១នីមួយៗ អាចដាក់មនុស្សសរុបបានប្រហែល ២ ៥០០នាក់៕ ដោយ៖ ប៊ុនធឿន