នាយករដ្ឋមន្រ្ដីវៀតណាម និងសមភាគីរុស្ស៊ី កាលពីថ្ងៃទី២១ ខែមេសា បានពិភាក្សាគ្នា តាមទូរស័ព្ទ ស្ដីពីកិច្ចសហប្រតិបត្ដិការ ប្រយុទ្ធប្រឆាំងនឹងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (COVID-19)។
យោងតាមសារព័ត៌មានវៀតណាម បានឲ្យដឹងថា លោក ង្វៀនស្វឺនភុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្ដីវៀតណាម និងសមភាគីរុស្ស៊ី លោក មីខែល មីហ្សុស្ទិន ( Mikhail Mishustin) បានពិភាក្សាគ្នា ផ្ដោតទៅលើកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
នៅក្នុងកិច្ចពិភាក្សានោះ លោកនាយករដ្ឋមន្រ្ដីវៀតណាម បានអះអាងថា វៀតណាគាំទ្រជានិច្ច ហើយឈរនៅជាមួយនឹងរុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតនេះ។
ជាការឆ្លើយតបវិញនោះ នាយករដ្ឋមន្រ្ដីរុស្ស៊ី បានវាយតម្លៃខ្ពស់ ចំពោះអ្វីដែលប្រជាជាតិអាស៊ានសម្រេចបាន ក្នុងការគ្រប់គ្រងជំងឺនេះ។ ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានអរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានផ្ដល់ម៉ាស់ក្រណាត់ប្រឆាំងនឹងប៉ាតេរី ចំនួន១៥០ពាន់ដល់ប្រទេសរបស់លោកផងដែរ។
ក្រៅពីនេះ មេដឹកនាំទាំងពី បានព្រមព្រៀងគ្នាការ អំពីរឹតចំណងទំនាក់ទំនងដែលមានជាយូរមកហើយឲ្យនៅតែរឹងមាំបន្ដទៀត។ មេដឹកនាំទាំងពីក៏បានចរចាគ្នាអំពីទំនាក់ទំនងពាណិជ្ជកម្ម ក្នុងនោះមានថាមពល ប្រេង ឧស្ម័ន និងឧស្សាហកម្មរថយន្ដថែមទៀតផង។
សូមជម្រាបថា បើគិតមកដល់ថ្ងៃទី២២ ខែមេសា នៅក្នុងប្រទេសរុស្ស៊ី មានករណីឆ្លងកូវីដ១៩ ចំនួន ៥២ ៧៦៣នាក់ ក្នុងនោះស្លាប់៤៥៦នាក់ និងជាសះស្បើយ៣៨៧៣។ រីឯប្រទេសវៀតណាម មានអ្នកឆ្លង២៦៨នាក់ ក្នុងនោះជាសះស្បើយ២១៦នាក់៕ ប្រែសម្រួលដោយ Nuon