មន្ទីរកសិកម្ម ឧត្ដរមានជ័យ ជំរុញឲ្យប្រជាកសិករដាំបន្លែសុវត្តិភាពឲ្យបានច្រើនដើម្បីបំពេញតំរូវការក្នុងស្រុក ខណៈដែលការរីករាលដាលនៃវីរុសកូវីដ១៩ នៅតែបន្ត
វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ២១.០៤.២០២០៖
មន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ជំរុញឲ្យប្រជាកសិករដាំនូវបន្លែសុវត្តិភាពឲ្យបានច្រើន ដើម្បីបង្កើនចំណូលបន្ថែមក្នុងគ្រួសារ និងអាចផ្គត់ផ្គង់បានតាមតំរូវការទីផ្សារ ខណៈដែលកម្ពុជាកំពុងតែជួបនឹងបញ្ហាកូវិដ១៩ ។ លោក សូត្រ ស៊ី សុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តឧត្ដរមានជ័យ បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរកសិកម្មខេត្តបានផ្សព្វផ្សាយបន្ថែម និងចុះបណ្ដុះបណ្ដាលទាកទង់និងបច្ចេកទេសដាំបន្លែ ដល់ប្រជាកសិករ និងបានណែនាំដល់ពួកគាត់ធ្វើការផ្លាស់ប្ដូរពីការដាំតាមបែបធម្មតាដែលស្រោចស្របដោយប្រើកំលាំងពលកម្ម មកជាការដាំ តាមបែបវិធីសាស្ត្រដាំដុះដោយប្រើដំណក់ទឹក គឺមិនប្រើកំលាំងច្រើន មានរយៈពេលខ្លី និងទទួលបានទិន្នផលខ្ពស់ ។ លោកបន្តថា ដោយសាស្ថានភាពសព្វថ្ងៃនេះ សុខភាពគឺជារឿងសំខាន់ ដែលតំរូវអោយមន្ទីរ ចាំបាច់ជំរុញដល់ប្រជាកសិករ ដាំនូវបន្លែសុវត្តិភាពដោយគ្មានសារជាតិគីមី ដើម្បីទទួលបានការទុកចិត្តពីអ្នកបរិភោគ និងបំពេញតំរូវការនៅលើទីផ្សារ ពិសេសបង្កើនចំណូលបន្ថែម ក្នុងការផ្គត់ផ្គងជីវភាព គ្រួសារផងដែរ ។ សំឡេង៖ ឥលូវយើងកំពុងតែជំរុញការដាំបន្លែសុវត្តិភាពបន្ថែម គឺដាំនៅក្នុងផ្ទះសំណាញ់ គឺជាបន្លែសុវត្តិភាពដើម្បីអោយអ្នកបរិភោគ ទាំងអស់គ្នាមានទំនុកចិត្តថា បន្លែដែលយើងយកទៅលក់និងគឺជាបន្លែដែលមិនប្រើប្រាស់ថ្នាំពុល ឬក៍បន្លែដែលប្រើប្រាស់សារធាតុគីមី នៅក្នុងនិង ហើយយើងនឹងខិតខំជាបនតបន្ទាប់ទៀត ទាក់ទងនិងបច្ចេកទេស មន្ទីរនិងប្រឹងប្រែងចែករំលែកបទពិសោធន៍បន្ថែមទៀត ដើម្បីអោយប្រជាកសិករយើងមានទីផ្សារ មានប្រាក់ចំណូល និងជីវភាពធូធារ ។ លោកប្រធានបន្ថែមថា បើទោះបីជាប្រទេសយើងមានបញ្ហាជំងឺកូវិដ១៩ ក្ដី ហើយបានកាត់បន្ថយកានាំចូលបន្លែពីក្រៅក៍ពិតមែន តែសម្រាប់ទីផ្សារនៅក្នុងខេត្តឧត្ដរមានជ័យ គឺមិនមានបញ្ហារប្រឈមនោះទេ ដោយសារប្រជាកសិករបំពេញទៅតាមតំរូវការផ្គត់ផ្គង់នៅក្នុងស្រុកបាន និងអាចនាំចេញបន្លែទៅប្រទេសជិតខាងដែលជាប់ព្រំដែនគ្នា បានតិចតួចផងដែរ ។ លោកប្រធានមន្ទីរបញ្ជាក់ថា ការដាំបន្លែនេះបានធ្វើអោយប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន ព្រោះថា បន្លែគឺជាតម្រូវការហូចចុករបស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃនៅទូទាំងប្រទេស ហើយមន្ទីរបានជំរុញដល់ប្រជាកសិករ ដាំនៅប្រភេទបន្លែផ្សេងៗ មានដូចជា ត្រសក់ ត្រឡាច ននោង ម្រះ ស្ពៃតឿ និងស្ពៃចង្កឹះ ខាត់ណា និងបន្លែយកស្លឹកជាច្រើនប្រភេទទៀត ។