កូរ៉េខាងត្បូង បានបញ្ជាក់សាជាថ្មី ថាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំប្រទេសជាធម្មតា មិនមានការវះកាត់បេះដូង ដូចពាក្យចរចាមអារ៉ាមលើកឡើងនោះឡើយ។
សារព័ត៌មាម AP បានដកស្រង់ការប្រកាសពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់ថា មិនមានអ្វីខុសពីធម្មតានោះឡើយ គឺមេដឹកនាំ គីម ជុងអ៊ុន បន្តដឹកនាំប្រទេស មិនមានបញ្ហាសុខភាពនោះឡើយ។ ពាក្យចរចាមអារ៉ាមថា លោក គីម ជុងអ៊ុន វះកាត់បេះដូង បានកើតឡើង ក្រោយមិនបង្ហាញវត្តមានរបស់លោក នៅក្នុងពិធីដ៏សំខាន់ គឺថ្ងៃខួបអតីតមេដឹកនាំ គីម អ៊ីលស៊ុង កាលពីថ្ងៃទី១៥ ខែមេសា។
កាលពីថ្ងៃទី១១ ខែមេសា លោក គីម បានដឹកនាំកិច្ចប្រជុំស្តីពីកូវីដ១៩ ហើយក៏បានតែងតាំងប្អូនស្រី កាន់តំណែងសំខាន់ នៅក្នុងថ្នាក់ដឹកនាំទៀតផង។ ទាំងនោះហើយ ទើបបង្កឲ្យមានការសង្ស័យថា លោកត្រូវបានវះកាត់បេះដូង។
ប៉ុន្តែនៅពេលនេះ កូរ៉េខាងត្បូង បានបញ្ជាក់ថា លោក គីម ជុងអ៊ុន បានទៅកាន់ទីតាំងផ្សេង ក្រៅពីទីក្រុងព្យុងយ៉ាងជាមួយនឹងសាច់ញាតិ។ លោកបានដឹកនាំប្រទេសជាធម្មតាមិនមានអ្វីប្រែប្រួលនោះឡើយ។
មន្ត្រីអាមេរិកមួយរូប បានបញ្ជាក់ថា ចាប់តាំងពីមានពាក្យចរចាមអារ៉ាមថា លោក គីម វះកាត់ កាលពីថ្ងៃទី២០ ខែមេសា ហើយសេតវិមានអាមេរិក វាយតម្លៃថា គីម ជុងអ៊ុន មានសុខភាពចុះខ្យោយ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន មិនមានភស្តុតាង បញ្ជាក់ការពិតនោះឡើយ។
កូរ៉េខាងជើងជាប្រទេសអាថ៌កំបាំងបំផុត ហើយព័ត៌មានដែលអាមេរិក និងកូរ៉េខាងត្បូង បានផ្សាយកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា ក្រុមចារកិច្ចប្រទេសទាំងពីរ នៅតែអសមត្ថភាព ក្នុងការតាមដានស្ថានភាព នៅក្នុងប្រទេសកូរ៉េខាងជើងដដែល៕ ប្រែសម្រួលដោយ៖ MEO