រថយន្តដឹកកំហាកធ្វើតេស្តរកកូវីដ១៩របស់អង្គការសុខភាពពិភពលោក (WHO) នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរងការវាយប្រហារ បណ្តាលឲ្យអ្នកបើកបរស្លាប់ និងមន្ត្រីរដ្ឋាភិបាលម្នាក់រងរបួសធ្ងន់។
អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ការវាយប្រហារនេះបានកើតឡើង នៅក្នុងស្រុក Mynbya រដ្ឋរ៉ាឃីន ស្ថិតនៅភាគខាងជើង នៃប្រទេសមីយ៉ាន់ម៉ា។ អ្នកបើករថយន្តឈ្មោះSone Win Maung បានស្លាប់ដោយសាររងរបួសធ្ងន់។
សារព័ត៌មាន CNN បានដកស្រង់សេចក្តីប្រកាសរបស់ WHO កាលពីថ្ងៃទី២១ ខែមេសាថា «អង្គការសុខភាពពិភពលោក ពិតជាសោកស្តាយ ចំពោះសកម្មភាពវាយប្រហារខាងលើ បណ្តាលឲ្យបុគ្គលិរបស់ WHO ម្នាក់ស្លាប់ពេលកំពុងបំពេញការងារ។
លោកស្រី Poonam Khetrapal Singh អគ្គនាយក WHO ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារ សម្លាប់បុគ្គលិករបស់ខ្លួន ខណ:កំពុងបំពេញភារកិច្ច។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានថ្កោលទោសដល់សកម្មភាពវាយប្រហារទៅលើរថយន្តរបស់អង្គការសុខភាពពិភពលោក ដែល ខិតខំជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា ទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ១៩។ នៅក្នុងរដ្ឋ រ៉ាឃីន មិនមានឧបករណ៍ធ្វើតេស្តឡើយ ដូច្នេះគឺត្រូវដឹកជញ្ជូនវត្ថុត្រូវធ្វើតេស្ត មានកំហាក ជាដើម មកកាន់ទីក្រុង Yangon ដើម្បីធ្វើតេស្ត៕ ប្រែសម្រួលដោយ៖ MEO