ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកសូមជូនពរ ចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឲ្យឆាប់ជាសះស្បើយពីរោគា ក្រោយមានសេចក្តីរាយការណ៍ព័ត៌មានមកថា សុខភាពរបស់គាត់មានសភាពធ្ងន់ធ្ងរ ក្រោយការវះកាត់។
ប្រភពព័ត៌មាន Sputnik ផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ថា អំឡុងពេលសង្ខេបសន្និសីទព័ត៌មានជាមួយកងកម្លាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ (Covid-19) នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានថ្លែងថា ខ្ញុំមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយគាត់… ខ្ញុំអាចនិយាយបានយ៉ាងនេះថា ខ្ញុំសូមជូនពរគាត់ឲ្យឆាប់ជាសះស្បើយ «ពីព្រោះ បើសិនគាត់ស្ថិតនៅក្នុងស្ថានភាពដូចសារព័ត៌មានបានផ្សព្វផ្សាយពិតមែន នោះគឺជាស្ថានភាពដ៏ធ្ងន់ធ្ងរណាស់ហើយ ដូចដែលខ្ញុំធ្លាប់បានលើកឡើងច្រើនគ្រាកន្លងមក»។
លោកប្រធានាធិបតី បន្តទៀតថា «បើសិនអ្នកណាម្នាក់ផ្សេង ស្ថិតក្នុងតំណែងជាមេដឹកនាំកូរ៉េខាងជើងនោះ ក្នុងពេលឥឡូវនេះ ប្រហែលជាយើងកំពុងធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងហើយ»។
ក្រោយសារព័ត៌មានចុះផ្សាយបែបន លោក ត្រាំ បានបញ្ជាក់ថា លោកគ្មានបំណងចង់បានអ្វីជាងនេះ ក្រៅតែពីប្រាថ្នាឲ្យលោក គីម ឆាប់ជាសះស្បើយតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានអវត្តមានក្នុងពិធីខួបកំណើតជីតារបស់លោក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដែលជាមូលហេតុ នាំឲ្យគេសង្ស័យថា ដោយសារតែស្ថានភាពសុខភាពរបស់គាត់ ។
កាលពីថ្ងៃចន្ទ ទី២០ ប្រភពព័ត៌មាន CNN បានដកស្រង់ប្រភពមន្ត្រីអាមេរិក សុំមិនបញ្ចេញឈ្មោះ ថ្លែងថា អាមេរិកបាននិងកំពុងសង្កេតមើល «ព័ត៌មានចារកម្ម» ដែលបានបញ្ជាក់ថា លោក គីម ស្ថិតនៅក្នុង«ស្ថានភាពធ្ងន់ធ្ងរ» ក្រោយការវះកាត់ ។ មន្ត្រីមិនបញ្ចេញឈ្មោះដទៃទៀត បញ្ជាក់ប្រាប់ CNN ដែរថា ពាក់ព័ន្ធនឹងអំពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង គឺអាចជឿទុកចិត្តបាន ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរ នៃជំងឺគឺពិបាកប៉ាន់ស្មានណាស់។
ក្រោយប្រព័ន្ធផ្សព្វផ្សាយដែលទាក់ទងនឹងការវះកាត់មេដឹកនាំកូរ៉េខាងជើង អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង Kang Min Seok បានថ្លែង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា យើងមិនមានអ្វីត្រូវបញ្ជាក់ប្រាប់នោះឡើយ ហើយក៏មិនមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើង នៅកូរ៉េខាងជើងនោះដែរ ។
ប្រភព Yonhap បានផ្សាយថា ប្រព័ន្ធព័ត៌មាន Daily NK បានដកស្រង់ប្រភព មិនបញ្ចេញឈ្មោះ ពីកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំ គីម ទទួលការវះការសរសៃឈាមបេះដូង ហើយមានសភាពធូរស្បើយភាគច្រើនបំផុតហើយ។ ទោះជាយ៉ាងណា ប្រភពនេះបានផ្សាយទៀតថា មេដឹកនាំ គីម នៅតែទទួលការព្យាបាលដោយថ្នាំសង្កូវ ស្ថិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hyangsan ជាមន្ទីរពេទ្យមួយ ដែលបានឧទ្ទិសចំពោះក្រុមគ្រួសាររបស់លោក គីម។
ប្រភព Yonhap បានផ្សាយថា លោក គីម បានឃើញវត្តមានសាធារណៈចុងក្រោយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ដោយចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំ នៃការិយាល័យនយោបាយរបស់បក្សកាន់អំណាចពលករកូរ៉េខាងជើង៕ ប្រែសម្រួលដោយ៖ thach yat