ក្រោយពេលវៀតណាមទប់ទល់ប្រឆាំងនឹងកូវីដ១៩ រហូតមិនមានករណីឆ្លងថ្មី រយ:ពេល៥ថ្ងៃជាប់ៗគ្នានោះមក នាយករដ្ឋមន្រ្ដី នៃប្រទេសនេះ បានថ្លែងថា ស្ថានភាពរឹតបន្ដឹងសកម្មភាពសង្គម ដើម្បីទប់ស្កាត់ជំងឺឆ្លងនេះ អាចនឹងបន្ថូរបន្ថយ។
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្ដីវៀតណាម បានថ្លែងថា សកម្មភាពសង្គម អាចនឹងត្រូវបន្ថូរបន្ថយឡើងវិញ ក្រោយការគ្រប់គ្រងស្ថានការណ៍ នៃកូវីដ១៩បានយ៉ាងល្អប្រសើរនោះមក។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរចាំបាច់នៅតែគ្រប់គ្រងឲ្យបានត្រឹមត្រូវទៅលើវិធានការប្រឆាំងនឹងការរាតត្បាត នៃវីរុសនេះ។
លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា គោលនយោបាយឃ្លាតឆ្ងាយពីសង្គម ត្រូវតែអង្កេតយ៉ាងម៉ឺងម៉ាត់។ រីឯវិធានការថ្មី និងការសម្រេចចិត្តពាក់ព័ន្ធ នឹងត្រូវប្រកាស នៅថ្ងៃទី ២២ ខែមេសា។
លោកនាយករដ្ឋមន្រ្តី បានចង្អុលបង្ហាញថា ហានិភ័យ នៃការឆ្លងនៅតែមានកម្រិតខ្ពស់។ ដូច្នេះលោកស្នើសុំឱ្យបណ្តាមូលដ្ឋាននានា បន្តអនុវត្តវិធានការការពារ និងស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីទប់ស្កាត់នូវជំងឺឆ្លងនេះ។
បើគិតមកដល់ថ្ងៃទី២១ ខែមេសា នៅក្នុងប្រទេសវៀតណាម មានករណីឆ្លងវីរុសកូវីដ១៩ ចំនួន២៦៨ ក្នុងនោះជាសះស្បើយ២១៦នាក់៕ ប្រែសម្រួលដោយ Nuon