ភ្នំពេញ៖ ផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះថា ដើម្បីគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារ ធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
លោកបន្តថា ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ នៅពេលព្រលប់ៗថ្ងៃទី១៨ ថ្ងៃទី១៩ និងព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រុមការងារមន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំ សម្លាប់មេរោគតាមផ្សារធំថ្មី ផ្សារទួលទំពូង និងផ្សារកណ្តាល ទោះបីរាល់ថ្ងៃនេះ គណៈកម្មការផ្សារនីមួយៗបាន និងកំពុងអនុវត្តន៍ការងារទៅតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ នឹងជំងឺកូវីដ១៩ ដោយនៅតាមបណ្តាផ្សារទាំងនោះ ក្រៅពីការបាញ់លាងសម្អាតហើយនោះ នៅតាមបណ្តា ច្រកចេញ ចូលផ្សារ ក៏មានកម្លាំងសន្តិសុខផ្សាររង់ចាំបាញ់កំដៅ និងបាញ់អាល់កុលលាងដៃ ជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋចូលក្នុងផ្សារផងដែរ៕ ដោយ៖ ប៊ុនធឿន