ម៉ាសសរុប ១០ម៉ឺនបន្ទះ រួមជាមួយថវិកាជំនួយសរុប ២០ម៉ឺនដុល្លារអាមេរិក ត្រូវបានក្រុមហ៊ុន ក្រុមហ៊ុន កាស៊ីណូ ហ្គោលឌិន ឡាយអិន អេនធើធេនម៉ិន (Golden Lion Entertainment) យកទៅប្រគល់ជូនអគ្គស្នងការនគរបាលជាតិ ដើម្បីចែកចាយបន្តដល់កងកម្លាំងនគរបាលទូទាំងប្រទេស ប្រើប្រាស់ការពារខ្លួន ខណៈថវិកាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល។
ពិធីប្រគល់ថវិកា និងម៉ាស់ ត្រូវគេប្រារព្ធធ្វើឡើងកាលពីថ្ងៃច័ន្ទ ទី២០ មេសា នៅឯអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី Yeung Regina Pui Han, លោក Lau Yau Chuen តំណាងលោក Ng Man Sun អគ្គនាយកក្រុមហ៊ុន កាស៊ីណូ ហ្គោលឌិន ឡាយអិន អេនធើធេនម៉ិន (Golden Lion Entertainment) រួមនឹងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ទុកថា ជំនួយនៅពេលនេះ ជាកាយវិការមួយដ៏ល្អ ហើយតំណាងឲ្យនគរបាលកម្ពុជាទាំងអស់ លោកសូមថ្លែងអំណរគុណ សូមឲ្យក្រុមហ៊ុនដំណើរអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ទៀតថា មកទល់ពេលនេះ នគរបាលជាតិកម្ពុជា មានភារកិច្ចចម្បងការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរួមចំណែកជាមួយក្រសួងសុខាភិបាល ជាមួយសមត្ថកិច្ចពាក់ព័ន្ធការពារជំងឺរាតត្បាតកូវីដ ១៩ កុំឲ្យឆ្លងដល់ប្រជាពលរដ្ឋកម្ពុជា និងអ្នកប្រកបមុខរបរនៅកម្ពុជា។
លោកថា នេះជាការចូលរួមចំណែកធំ ព្រោះថាកងកម្លាំងនគរបាលជាតិកម្ពុជា មានឆន្ទៈ មានការប្រតិបត្តិតាមវិធានសុខាភិបាល ប៉ុន្ដែខ្វះលទ្ធភាព ខ្វះថវិកា សម្ភារ នាំឲ្យជំនួយនៅពេលនេះ ជាការបំពេញបន្ថែមមួយដ៏ល្អសម្រាប់កងកម្លាំងនគរបាល។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបន្ថែមទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងជួយបង្កលក្ខណៈគ្រប់បែបយ៉ាងតាមផ្លូវច្បាប់ ដើម្បីក្រុមហ៊ុនដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបានកាន់តែរលូន៕ ដោយ៖ ត្នោត