ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងរយ:ពេលមួយឆ្នាំកន្លងទៅនេះ ក្នុងអំឡុងពេល២១ថ្ងៃ នៃខែមេសាដូចគ្នា ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច បណ្ដាលមកពីការឆ្លងរាតត្បាត នៃវីរុស COVID-19 ។
ប្រភពព័ត៌មានកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានផ្សាយថា ទិន្នន័យគយរបស់កូរ៉េខាងត្បូង បានចេញផ្សាយ នៅថ្ងៃអង្គារ ទី២១ ខែមេសា អះអាងថា ការនាំចេញទៅក្រៅប្រទេស គិតពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានទឹកប្រាក់ប្រហែល ២១,៧ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះប្រហែល ២៦,៩ ភាគរយ នៅក្នុងអំឡុងពេលដូចគ្នា កាលពីមួយឆ្នាំមុន ។
ការនាំចេញជាមធ្យមប្រចាំថ្ងៃ អំឡុងពេលវេលានេះ ក៏មានការធ្លាក់ចុះ ១៦,៨ ភាគរយ ប្រៀបធៀបក្នុងមួយថ្ងៃ កាលពីមួយឆ្នាំមុន ។
ការធ្លាក់ចុះនេះត្រូវបានសន្មត់ថា មកពីការរាតត្បាតវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ (Covid-19)។ ការរាតត្បាតវីរុសនេះ បានធ្វើឲ្យគាំងដំណើរពាណិជ្ជកម្ម រំខានដល់ផលិតកម្មនៅទូទាំងពិភពលោក ដោយក្នុងនោះប្រទេសជាច្រើនបានចាក់សោ ឬបិទព្រំដែនរបស់ខ្លួន ។
ដោយឡែកការលក់គ្រឿងអេឡិចត្រូនិកនៅក្រៅប្រទេស ដែលទំនិញនាំចេញយ៉ាងសំខាន់របស់កូរ៉េខាងត្បូងនោះ បានធ្លាក់ចុះ ១៤,៩ ភាគរយ ប្រៀបធៀបអំឡុងពេល២០ថ្ងៃ កាលពីឆ្នាំមុន ។
ការរនាំចេញរថយន្តក៏បានធ្លាក់ចុះ ២៨,៥ ភាគរយ ប្រៀបធៀបមួយឆ្នាំមុនដូចគ្នា។
ចំណែកគ្រឿងបន្លាស់រថយន្តវិញ ការនាំចេញកាន់តែយ៉ាប់យឺនថែមទៀត ដោយធ្លាក់ចុះ ៤៩,៨ ភាគរយ ហើយការនាំចេញឥន្ធនៈគីមី បានធ្លាក់ចុះ ៥៣,៥ ភាគរយ ។
តាមប្រទេសជាគោលដៅ, ការនាំចេញទៅកាន់ប្រទេសចិនបានធ្លាក់ចុះ១៧ភាគរយ ប្រៀបធៀបអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ហើយការនាំចេញទៅកាន់សហរដ្ឋអាមេរិកវិញ បានចុះជាង១៧ភាគរយ ។
ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ជប៉ុនវិញ ធ្លាក់ចុះ២០ភាគរយ ហើយការនាំចេញទៅអឺរ៉ុបវិញ កាន់តែអាក្រក់ជាងនេះទៀត ធ្លាក់ចុះ៣២,៦ ភាគរយ ប្រៀបធៀបមួយឆ្នាំមុន ។
ទិន្នន័យដដែលក៏បានបង្ហាញផងដែរថា ក្នុងរយៈពេល២០ថ្ងៃដំបូង នៃខែមេសា ឆ្នាំ២០២០ ការនាំចូលរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ១៨,៦ ភាគរយ គឺមានទឹកប្រាក់ ជិត២៥,២ ពាន់លានដុល្លារប៉ុណ្ណោះ ប្រៀបធៀបកាលពីមួយឆ្នាំមុន ៕ ប្រែសម្រួលដោយ៖ thach yat