ការឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃបានបន្តធ្លាក់ចុះមកនៅសល់ត្រឹម២៧ករណី រឺឯចំនួនអ្នកស្លាប់វិញគឺនៅត្រឹម ៤៧នាក់ដដែលក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា។ ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសមានចំនួន ២ ៧៩២នាក់ អ្នកជាសះស្បើយចំនួន ១ ៩៩៩នាក់ និងចំនួន ៧៤៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
រូបតំំណាង
លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យរបស់ CCSA បានមានប្រសាសន៍ថា ប្រការដែលចំនួនអ្នកឆ្លងវីរុសនេះមានការថយចុះគឺដោយសារតែភាពស្និតស្នាលនឹងអ្នកជំងឺឬអ្នកនៅជុំវិញខ្លួនបានថយចុះដែរ។ ទោះយ៉ាងណាក៏ដោយ លោកនៅតែបន្តការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្លួន និងចាកចេញពីហ្វូងមនុស្ស ដើម្បីរក្សាគម្លាតកុំឱ្យកើតមានហានិភ័យណាមួយ។ ក្នុងចំណោមករណីថ្មីដែលបានរាយការណ៍នៅថ្ងៃនេះ មានចំនួន១៦ករណីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងជំងឺពីមុន ពីរករណីទៀតបានទៅមើលអ្នកស្គាល់គ្នានៅតំបន់ដែលរដ្ឋកំណត រីឯ៨ ករណីផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម។ ទីក្រុងបាងកកនៅតែស្ថិតក្នុងលំដាប់លេខរៀងទី១ក្នុងប្រទេសថៃ ដែលមានចំនួនអ្នកឆ្លងច្រើនដាច់គេចំនួន ១៤៤០ករណី បន្ទាប់មកខេត្តភូកេតចំនួន ១៩០ករណី និងខេត្ត Nonthaburi ចំនួន ១៥១ករណី ។ ខេត្តចំនួន ៣៥ ទៀតមិនបានរាយការណ៍ថាមានការឆ្លងថ្មីទេក្នុងរយៈពេល ១៤ ថ្ងៃកន្លងមកនេះ ហើយក្នុងនោះ ខេត្ត Saraburi និង Ubon Ratchathani ក៏ចាត់ចូលជាខេត្តដែលមិនមានចំនួនអ្នកឆ្លងវីរុសផងដែរ។ តាមការដកស្រង់របាយការណ៍របស់ក្រសួងការបរទេសលោកបណ្ឌិត Taweesin បាននិយាយថាប្រជាជនថៃប្រមាណ ៨៩០០ នាក់នៅក្នុងប្រទេសផ្សេងៗចំនួន១៤ បានចុះឈ្មោះជាមួយក្រុមបេសកកម្មថៃប្រចាំនៅបរទេសដើម្បីវិលត្រឡប់មកប្រទេសថៃវិញនៅខែឧសភា។
រូបតំណាង
ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខរៀងទី៥៤ ក្នុងចំណោមប្រទេសទាំងអស់ទូទាំងពិភពលោកដែលបានឆ្លងវីរុសកូរ៉ូណា។នៅទ្វីបអាស៊ីប្រទេសជប៉ុនបានរាយការណ៍ថាមានអ្នកឆ្លងវីរុសថ្មីចំនួន ៥០១នាក់នៅថ្ងៃនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ១០ ៧៩៧នាក់។ ប្រទេសសិង្ហបុរីបានរាយការណ៍ចំនួន ៥៩៥ករណីថ្មី ដែលធ្វើឱ្យប្រទេសមានអ្នកឆ្លងវីរុសសរុបចំនួន៦៥៨៨ នាក់ ខណៈប្រទេសឥណ្ឌូនេស៊ីក៏មានការរាយការណ៍ករណីថ្មីចំនួន៣២៧ ផងដែរ ដែលធ្វើឱ្យចំនួនអ្នកឆ្លងវីរុសសរុបកើនឡើងដល់ ៦៥៧៥ករណី ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD