នៅទូទាំងប្រទេសបារាំង តួលេខអ្នកជំងឺ Covid-19 ក្នុងរយៈពេល២៤ម៉ោង បានបាត់បង់ជីវិត៥៤៧នាក់។ ប៉ុន្តែអ្នកជំងឺថ្មីចូលមន្ទីរពេទ្យបន្តធ្លាក់ចុះ ។
នៅប្រទេសបារាំង គិតមកត្រឹម ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានក្លាយជាប្រទេសទីបួននៅលើពិភពលោក ដែលមានអ្នកជំងឺ Covid-19 បាត់បង់ជីវិតកើនជាង ២០ ០០០ នាក់ ។ បារាំង បាននិងកំពុងស្ថិតក្នុងវិធានការចាក់សោ ឬបិទប្រទេស ក្នុងសប្តាហ៍ទី៥ ហើយរហូតដល់ថ្ងៃទី១១ ខែឧសភា ទើបវិធានការខ្លះអាចនឹងបន្ធូរបន្ថយ។
លោក Jérôme Salomon មន្ត្រីជាន់ខ្ពស់ នក្ៃរសួងសុខាភិបាលបារាំងបានថ្លែងប្រាប់អ្នកកាសែតថា «យប់នេះ ប្រទេសរបស់យើងបានឆ្លងឧបសគ្គ ដែលជានិមិត្តរូប និងការឈឺចាប់ខ្លោចផ្សាបំផុត» ។ លោកបានថ្លែងថា អ្នកជំងឺបាត់បង់ជីវិតបានកើនឡើង ២០ ២៦៥នាក់ ។ ប៉ុន្តែករណីថ្មីដែលឆ្លងវីរុស មានការធ្លាក់ចុះច្រើន ទាំងនៅតាមមន្ទីរពេទ្យ និងបន្ទប់សង្គ្រោះបន្ទាន់ ។
ប្រភពដដែល បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោង អ្នកជំងឺបាត់បង់ជីវិត នៅបារាំង ត្រូវបានកត់ត្រា សរុប ៥៤៧នាក់ ។
គួរជម្រាបថា មកទល់ពេលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ តួលេខរបស់ប្រភព Wikipidea ផ្សាយ ថា នៅក្នុងប្រទេសបារាំង មានអ្នកឆ្លងកូវីដ១៩ សរុប ១១៤ ៦៥៧ នាក់ ដោយក្នុងនោះ ៣៧ ៤០៩ នាក់បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat