ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមេសា បានប្រកាសថា អាមេរិក ក្តាប់យកឱកាស នៃតម្លៃប្រេងធ្លាក់ចុះទាបបំផុត ក្នុងប្រវត្តិសាស្ត្រ ហើយអាមេរិកនឹងទិញយកមកស្តុបទុកក្នុងឃ្លាំងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន។ បើតាមគម្រោងនេះ គឺអាមេរិកនឹងទិញប្រមាណជាង ៧៥លានបារ៉ែលបន្ថែម ដាក់ចូលក្នុងឃ្លាំងប្រេងយុទ្ធសាស្ត្រ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែត ស្តីពីកូវីដ១៩នោះ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា «យើងនឹងទិញប្រេងបន្ថែមឲ្យពេញឃ្លាំងស្តុកប្រេងទាំងអស់របស់អាមេរិក។ យើងនឹងទិញបន្ថែម៧៥លានបារ៉ែល ដើម្បីបំពេញឃ្លាំងស្តុកប្រេង»។
លោក ត្រាំ បានបញ្ជាក់ទៀតថា យើងនឹងទិញប្រេង ដូចការគ្រោងទុក បើសភា អនុញ្ញាតនោះ។ ជាមួយគ្នានេះដែរ អាមេរិកអាចនឹងឈប់ទិញប្រេង ពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត។ លោកត្រាំ បានបញ្ជាក់ថា តម្លៃប្រេងធ្លាក់ចុះ គឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដូច្នេះអាមេរិក នឹងក្តាប់យកឱកាសនេះ សម្រាប់បំពេញឃ្លាំងប្រេងយុទ្ធសាស្ត្ររបស់អាមេរិក។
អាមេរិកមានឃ្លាំងស្តុកប្រេង ក្រោមដីចំនួន៤កន្លែង គឺនៅឈូងសមុទ្រ ម៉ិចស៊ីក ស្ថិតក្នុងរដ្ឋតិចសាស់ និង Louisiana ភាគខាងត្បូង អាមេរិក ។ ឃ្លាំងស្តុកប្រេងទាំងនោះអាចរក្សាទុកប្រេងបានច្រើនបំផុត៧២៧ លានបារ៉ែលតែប៉ុណ្ណោះ ក្នុងឃ្លាំងនីមួយៗ។ ឃ្លាំងប្រេងយុទ្ធសាស្ត្រអាមេរិក គឺអាចបើកឲ្យប្រើប្រាស់បាន នៅពេលមានអាសន្ន ដូចជា សង្គ្រាម និងព្យុះកាទ្រីណា កាលពីឆ្នាំ២០០៥ជាដើម។
កាលពីថ្ងៃទី២០ ខែមេសា តម្លៃប្រេង នៅអាមេរិកធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មាន គឺនៅសល់តែ៣៧,៦៣ ដុល្លារ ក្នុង១បារ៉ែល ដោយសារតែតម្រូវការប្រើប្រាស់ធ្លាក់ចុះ បណ្តាលមកពីកូវីដ១៩ ហើយប្រទេសជាច្រើនស្ថិតក្នុងគ្រាអាសន្ន ៕ ប្រែសម្រួលដោយ៖ MEO