Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការចិញ្ចឹមមាន់ក្នុងខេត្តឧត្តរមានជ័យដោយប្រើវិធីសាស្ត្រថ្មីជួយបង្កើនចំណូលបន្ថែមដល់ប្រជាសហគមន៍

វិទ្យុជាតិកម្ពុជា៖ស៊ឹងសុផារី 20,04,2020៖

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទឧត្តរមានជ័យបញ្ជាក់ថា ការចិញ្ចឹមមាន់របស់កសិករដោយប្រើវិធីសាស្ត្រថ្មីជួយបង្កើនចំណូលបន្ថែមដល់ប្រជាសហគមន៍គួអោយកត់សម្គាល់។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទឧត្តរមានជ័យ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ដោយទទួលបានការបណ្តុះបណ្តាល ពីមន្ត្រីជំនាញ និង អង្គការដៃគូនានា រួមទាំងការខិតខំស្វែងយល់ដកស្រង់បទពិសោធន៍ជាបន្តបន្ទាប់របស់កសិករធ្វើឱ្យមុខរបរចិញ្ចឹមមាន់ក្នុងខេត្តឧត្តរមានជ័យដោយប្រើវិធីសាស្ត្រថ្មីទទួលបានការគាំទ្រ និងទទួលបានលទ្ធផលល្អប្រសើរ ដែលរហូតដល់បច្ចប្បន្ននេះ បានពង្រីកការចិញ្ចឹមមេមាន់យកពង មានរហូតដល់២០០ក្បាល ដែលអាចផ្តល់កូនបានប្រមាណ២៥០០កូន ក្នុង១ខែ សម្រាប់ផ្គត់ផ្គង់ទូទាំងខេត្ត ។ លោកបន្តថា លោកធ្លាប់បានចុះពិនិត្យផលិតកម្មភ្ញាស់កូនមាន់ កសិករ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមុខរបរភ្ញាស់កូនមាន់នេះ បានចាប់ផ្តើមឡើងនៅឆ្នាំ២០១៦ ដោយចាប់ផ្តើមចិញ្ចឹមមាន់តែ៣០ក្បាល និងបរិមាណផ្ដល់កូនបានពី២០០ទៅ៣០០កូនតែប៉ុណ្ណោះក្នុង១ខែ។ លោកបានបន្ថែមថា ពេលនេះតម្រូវការទីផ្សារកូនមាន់ កាន់តែមានការកើនឡើង កសិករក៏បានធ្វើកិច្ចសន្យាទទួលទិញពងមាន់ពីក្រុមកសិករ គឺស៊ុតមួយគ្រាប់តម្លៃ ១៣០០ រៀល ។ ពួកគាត់មានលទ្ធភាពភ្ញាស់កូនមាន់បានចំនួន៨០០០ ទៅ១២០០០ ក្បាលក្នុង១ខែ ដើម្បីចែកចាយក្នុងខេត្ត និងក្រៅខេត្ត ។ ជាមួយគ្នានេះដែរ កូនមាន់ភ្ញាស់មានអាយុ៣ថ្ងៃ តម្លៃ៣៥០០៛ អាយុ១០ថ្ងៃមានតម្លៃ៤០០០៛ ដែលតម្លៃនេះ ជាតម្លៃមួយសមរម្យ និងអាចផ្តល់ឱកាសជូនកសិករដែលទិញយកទៅចិញ្ចឹមមាន់យកសាច់អាចទទួលបានប្រាក់ចំណេញបន្តទៀត ។ សំឡេង ៖ «អត្ថប្រយោជន៍មានដូចខ្ញុំប្រាប់អញ្ចឹង អ្នកចិញ្ចឹមយកពង លក់បានពងក្នុងពងមួយគ្រាប់ ១៣០០រៀលដល់អ្នកភ្ញាស់ ហើយអ្នកភ្ញាស់នោះគាត់ភ្ញាស់កូនមាន់បានមួយក្បាលពី ៣០០០ ទៅ ៣៥០០រៀល ហើយដែលចិញ្ចឹមយកសាច់នោះ អាចលក់បានមួយគីឡូមាន់មួយនោះ ១៦០០០រៀល ផ្ដល់ផលប្រយោជន៍ដល់ពួកគាត់ទាំងអស់គ្នាទាំងបីនាក់ ប៉ុន្តែតួនាទីគាត់ផ្សេងគ្នា តួនាទីទីមួយ អ្នកចិញ្ចឹមយកពង ទីពីរនាក់ដែលភ្ញាស់ពងមាន់ ទី ៣ អ្នកចិញ្ចឹមយកសាច់ អញ្ចឹងវាផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍និងក្រុមគ្រួសារ អ្វីដែលយើងបារម្ភទីផ្សារនោះគឺមិនមានទេ ព្រោះការចិញ្ចឹមរបស់គាត់ទទួលបានទីផ្សារទូលំទូលាយ ហើយបានផលប្រយោជន៍ពីហ្នឹង គាត់ពង្រឹងពង្រីកការចិញ្ចឹមជាបន្តទៅទៀត» ។ លោកប្រធានមន្ទីរកសិកម្មខេត្ត នៅតែបន្តលើកទឹកចិត្តនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើននិងឆន្ទៈតស៊ូពង្រីកមុខរបរនេះកាន់តែធំឡើងៗ នឹងបានណែនាំដល់ការិយាល័យផលិតកម្ម និងបសុព្យាបាល បន្តផ្តល់ការគាំទ្រដល់កសិករ និងកសិដ្ឋានដទៃទៀតទូទាំងខេត្តពីបច្ចេកទេសចិញ្ចឹមថ្មីៗ និងការងារអនាម័យ ដើម្បីធ្វើយ៉ាងណាបង្កើនគុណភាព និងធានាបាននូវ ជីវសុវត្ថិភាព និងច្រវាក់ផលិតកម្ម ៕

from: https://tnaot.com/km/m/detail/article/9150368