ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែមេសា (ពេលវេលាអាមេរិក) បានបញ្ជាក់ថា ពលរដ្ឋអាមេរិកាំង ដែលប្រឆាំងនឹងច្បាប់គម្លាតសង្គម គឺជារឿងដ៏អស្ចារ្យ ។ សកម្មភាពរបស់លោក ត្រាំ គឺជាការគាំទ្រដល់ពលរដ្ឋ ដែលបានធ្វើបាតុកម្ម ទាមទារសេរីភាព និងទៅធ្វើការដូចពេលមុន។
ការគាំទ្ររបស់ប្រធានាធិបតីអាមេរិក បានកើតឡើង ខណ:រដ្ឋមួយចំនួនអនុវត្តច្បាប់ គម្លាត សង្គម គឺឲ្យពលរដ្ឋនៅក្នុងផ្ទះ ទប់ស្កាត់ឆ្លងកូវីដ១៩ តាមការអំពាវនាវរបស់ ក្រសួង សុខាភិបាល។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើដល់អភិបាលរដ្ឋមួយចំនួន លុបច្បាប់បម្រាមគោចរ ពេលស្ថានភាពឆ្លងកូវីដ១៩ ស្ថិតក្នុងការគ្រប់គ្រងបាន។
កាលពីថ្ងៃទី១៩ ខែមេសា ពលរដ្ឋនៅក្នុងរដ្ឋ Kentucky, Michigan និងVirginia បាននាំគ្នាធ្វើបាតុកម្ម ទាមទារសេរីភាពឡើងវិញ ក៏ដូចជា ការទៅធ្វើការធម្មតា ជាដើម។ លោក ត្រាំ បានលើកឡើងថា ពលរដ្ឋអាមេរិក ពិតជាធុញទ្រាន់ ពេលត្រូវបង្ខំឲ្យនៅក្នុងផ្ទះទាំងថ្ងៃទាំងយប់ជាច្រើនសប្តាហ៍បែបនេះ។ ពួកគេចង់ឲ្យមានជីវិតរស់នៅធម្មតាឡើងវិញ។
លោក ត្រាំ បានបញ្ជាក់ថា «ពួកគាត់បានបាត់បង់ជីវិតរស់នៅធម្មតារបស់ខ្លួន ពួកគាត់ជាអ្នកសេ្នហាជាតិ ហើយចង់វិលត្រឡប់ទទៅធ្វើការធម្មតាវិញ»។ បច្ចុប្បន្ន អាមេរិក មានអ្នកឆ្លងកូវី១៩ កើនឡើងដល់ជាង៧៦៤ពាន់នាក់ និងស្លាប់ ជាង ៤ម៉ឺននាក់៕ ប្រែសម្រួលដោយ៖ MEO